(អ៊ីស្លាមាបាដ)៖ អ្នកនាំពាក្យរដ្ឋាភិបាលបានឱ្យដឹងនៅថ្ងៃអង្គារនេះថា រដ្ឋសភាប៉ាគីស្ថានបានអនុម័តសេចក្តីព្រាងច្បាប់មួយ ដែលនឹងកំណត់រយៈពេលលើការដកសិទ្ធិតំណាងរាស្ត្រ ដោយអនុញ្ញាតឱ្យអ្នកដែលត្រូវបានបាត់បង់សិទ្ធិពេញមួយជីវិត អាចវិលត្រឡប់មកឈរឈ្មោះក្នុងតំណែងសាធារណៈឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣។
អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា ប្រធានាធិបតីស្តីទីបានចុះហត្ថលេខាលើវិសោធនកម្មច្បាប់មួយ ដែលបញ្ជាក់ថា តុលាការអាចដកសិទ្ធិសមាជិកសភាបានតែ សម្រាប់រយៈពេលមិនលើសពីប្រាំឆ្នាំតែប៉ុណ្ណោះ។
ការវិវឌ្ឍនេះត្រូវបានក្រុមអ្នកវិភាគនយោបាយយល់ឃើញថា ជាការត្រួសត្រាយផ្លូវសម្រាប់ការវិលត្រឡប់របស់អតីតនាយករដ្ឋមន្ត្រី លោក Nawaz Sharif ដែលនិរទេសខ្លួនមកធ្វើនយោបាយវិញ។
លោក Sharif បានបម្រើការជានាយករដ្ឋមន្ត្រីប៉ាគីស្ថានចំនួនបីដង ដែលជាចុងក្រោយមុនពេលលោកត្រូវបានបណ្តេញចេញពីតំណែង ដោយសារតែការចោទប្រកាន់អំពើពុករលួយក្នុងឆ្នាំ២០១៧។
តុលាការកំពូលបានហាមប្រាម លោក Sharif មិនឱ្យធ្វើនយោបាយអស់មួយជីវិត ហើយក្រោយមកគាត់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ ។
កាលពីឆ្នាំ ២០១៩ អតីតនាយកប៉ាគីស្ថានរូបនេះ បានដោះលែងឱ្យនៅក្រៅឃុំដោយបញ្ហាសុខភាព ហើយបានធ្វើដំណើរទៅប្រទេសអង់គ្លេស ជាកន្លែងដែលលោកស្នាក់នៅទីនោះរហូតមកដល់បច្ចុប្បន្ន ដោយបន្តដឹកនាំគណបក្ស Pakistan Muslim League-Nawaz (PML-N) របស់គ្រួសារខ្លួនពីក្រោយឆាក៕