(ប៉េកាំង)៖ ក្នុងជំនួបនាថ្ងៃអង្គារនេះ ជាមួយសមភាគីវៀតណាមរបស់លោក រដ្ឋមន្រ្តីការពារជាតិចិន លោក លី សាងហ្វូ (Li Shangfu) បាននិយាយថា ចិនមានឆន្ទៈធ្វើការជាមួយវៀតណាម ដើម្បីពង្រឹងការទំនាក់ទំនងកម្រិតខ្ពស់ និងកិច្ចសហប្រតិបត្តិការរវាងយោធាទាំងពីរ ខណៈជំនួបនេះកើតមានឡើង បន្ទាប់ពីនាវាផ្ទុកយន្តហោះចម្បាំងអាមេរិក១គ្រឿង ទើបតែបានធ្វើដំណើរទៅដល់ប្រទេសវៀតណាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣។

កំលុងជំនួបរបស់អ្នកទាំងពីរនៅឯទីក្រុងប៉េកាំង លោករដ្ឋមន្រ្តីការពារជាតិចិន បានលើកឡើងថា ស្ថានការណ៍អន្តរជាតិកំពុងស្ថិតនៅក្នុង ​ភាពច្របូលច្របល់និងប្រទាក់ក្រឡាគ្នា ហើយសន្តិសុខនៃតំបន់អាស៉ី-ប៉ាស៉ីហ្វិក កំពុងតែជួបប្រទះបញ្ហាប្រឈម។ លោក លី បានប្រាប់ លោក ហ្វាន វ៉ាន់ហ្សាង (Phan Van Giang) រដ្ឋមន្រ្តីការពារជាតិវៀតណាម យ៉ាងដូច្នេះថា «ចិននិងវៀតណាមគួរតែបន្តធ្វើការងារ​ឱ្យកាន់តែជិតស្និទ្ធ និងរួមសាមគ្គីក្នុងដំណើរឆ្ពោះទៅមុខថ្មីនៃរបបសង្គមនិយម ហើយរក្សាការពារផលប្រយោជន៍យុទ្ធសាស្រ្តរួម ​នៃប្រទេសទាំងពីរ ព្រមទាំងផ្តល់ការចូលរួមចំណែកវិជ្ជមាន ទៅក្នុងសុខសន្តិភាពនិងស្ថិរភាពរបស់តំបន់»។ លោក លី ក៏បានបន្ថែមប្រាប់ លោក ហ្វាន ទៀតថា ទំនាក់ទំនងរវាងយោធាទាំងពីរ បានអភិវឌ្ឍទៅមុខយ៉ាងល្អប្រសើរ ហើយខាងយោធាចិន មានឆន្ទៈជំរុញទំនាក់ទំនងឱ្យដល់​កម្រិតថ្មីមួយផ្សេងទៀត។

គួរបញ្ជាក់ថា ជំនួបពិភាក្សារវាងប្រមុខការពារជាតិចិននិងវៀតណាម ប្រព្រឹត្តទៅបន្ទាប់ពីនាវាផ្ទុកយន្តហោះចម្បាំងអាមេរិក USS Ronald Reagan បានចូលចតនៅកំពង់ផែទីក្រុងដាណាងនៃប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ។ វាគឺជាការបំពេញ​ទស្សនកិច្ចលើកទី៣ ដោយនាវាផ្ទុកយន្តហោះចម្បាំងអាមេរិក មកកាន់ប្រទេសអាស៊ានមួយនេះ គិតចាប់តាំងពីចុងបញ្ចប់នៃសង្រ្គាមវៀតណាម។ វត្តមានរបស់នាវាយោធាអាមេរិកនៅវៀតណាម ក៏ចំគ្រាដែលភាពតានតឹងបានកើនឡើង​រវាងចិននិងសហរដ្ឋអាមេរិក នៅតំបន់សមុទ្រចិនខាងត្បូងផងដែរ៕