(វែលីងតោន)៖ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោកស្រី ណាណាយ៉ា ម៉ាហ៊ូតា (Nanaia Mahuta) បាននិយាយនៅថ្ងៃអង្គារនេះថា លោកស្រីមានការពិភាក្សា «យ៉ាងរឹងមាំ» អំឡុងកិច្ចប្រជុំជាមួយសមភាគីចិន កាលពីពេលថ្មីៗនេះ ខណៈដែលមេដឹកនាំនៃប្រទេសទាំងពីរត្រៀមជួបគ្នា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣។
លោកស្រី ម៉ាហ៊ូតា បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «ខ្ញុំសូមនិយាយថា ចិនមានប្តេជ្ញាចិត្តយ៉ាងខ្លាំងដើម្បីបង្ហាញពី ការចែករំលែកផលប្រយោជន៍របស់ខ្លួន។ ពិតណាស់ ដែលថាយើងអាចសម្រេចបាននូវការអញ្ជើញ លោកនាយករដ្ឋមន្ត្រីរបស់យើង ទៅទស្សនកិច្ចនៅប្រទេសចិន។ វាបានឆ្លុះបញ្ចាំងពីលក្ខណៈនៃទំនាក់ទំនងនេះថាតើវាមានភាពចាស់ទុំប៉ុនណា ហើយអាចនាំគណៈប្រតិភូពាណិជ្ជកម្មនៅទីនោះ»។
យ៉ាងនេះក្តី លោកស្រី ម៉ាហ៊ូតា មិនបានបញ្ជាក់លម្អិតលើប្រធានបទដែលបានពិភាក្សាគ្នានោះទេ។ មកទល់ពេលនេះ ចិនគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់នូវែលសេឡង់ ជាពិសេសឧស្សាហកម្មទឹកដោះគោ ហើយកន្លងមកលោកស្រី ម៉ាហ៊ូតា បានចាត់វិធានការយ៉ាងប្រុងប្រយ័ត្នពាក់ព័ន្ធនឹងកំណត់ត្រាសិទ្ធិមនុស្សរបស់ចិន ដែលផ្ទុយពីប្រទេសជិតខាងគឺអូស្ត្រាលី។
គួរបញ្ជាក់ថា នាយរកដ្ឋមន្រ្តីនូវែលសេឡង់ លោក គ្រីស ហ៉ីបគីន (Chris Hipkins) បានដឹកនាំគណៈប្រតិភូ ដែលរួមមានក្រុមហ៊ុនធំៗមួយចំនួនរបស់នូវែលសេឡង់ ទៅដល់ទីក្រុងប៉េកាំងហើយកាលពីថ្ងៃចន្ទដើមសប្តាហ៍។ គេរំពឹងថា លោក ហ៉ីបគីន នឹងជួបប្រធានាធិបតី ស៉ី ជីនពីង នៅពេលក្រោយនៅថ្ងៃអង្គារនេះ ក៏ដូចជានាយករដ្ឋមន្ត្រី លោក លី ឈាង (Li Qiang) និងប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន លោក ចៅ លីជី (Zhao Leji) មុនពេលបិទបញ្ចប់ដំណើរទស្សនកិច្ច របស់លោកនៅថ្ងៃសុក្រសប្តាហ៍នេះ៕