(កូប៉ិនហាក)៖ រដ្ឋមន្ត្រីការពារជាតិស្តីទីរបស់ដាណឺម៉ាក លោក ត្រូអែល លុនផូលសិន (Troels Lund Poulsen) បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ខ្លួនបានចាប់ផ្តើមបណ្តុះបណ្តាលពីឡុតអ៊ុយក្រែន ឲ្យចេះប្រើប្រាស់យន្តហោះចម្បាំង F-16 ហើយកិច្ចពិភាក្សាកំពុងធ្វើឡើងនៅទីក្រុងកូប៉ិនហាក (Copenhagen) អំពីការបរិច្ចាគយន្តហោះយោធាមួយចំនួនដល់ទីក្រុងកៀវ។ នេះបើយោងតាមការដកស្រង់ផ្សាយពីសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣។
លោក លុនផូលសិន បានគូសបញ្ជាក់ប្រាប់ទូរទស្សន៍ DR យ៉ាងដូច្នេះថា «ដាណឺម៉ាក បានបោះជំហានទៅរក ការចាប់ផ្តើមបណ្តុះបណ្តាល និងណែនាំបន្ថែមដល់ពីឡុតអ៊ុយក្រែន។ យើងក៏នឹងពិចារណាផងដែរថា តើយើងគួរតែធ្វើការបរិច្ចាគយន្តហោះចម្បាំង F-16 របស់ដាណឺម៉ាកដល់អ៊ុយក្រែនឬទេ ហើយតើគួរតែមានចំនួនប៉ុន្មាន»។
បើតាមមន្រ្តីរដ្ឋាភិបាលដាណឺម៉ាក ផែនការឈប់ប្រើប្រាស់ទាំងស្រុង នូវយន្តហោះចម្បាំង F-16 ទាំង៣០គ្រឿងរបស់ខ្លួន ដែលត្រូវបានគ្រោងទុកដំបូង សម្រាប់ឆ្នាំ ២០២៧ ត្រូវពន្លឿនមកត្រឹមឆ្នាំ២០២៥វិញ។ យន្តហោះ F-16 ទាំងនោះ នឹងត្រូវជំនួសដោយ យន្តហោះចម្បាំង F-35 ចំនួន២៧គ្រឿង។ ការផ្លាស់ប្តូរនេះនឹងចាប់ផ្តើមនៅចុងឆ្នាំ ២០២៣នេះ។
គួរបញ្ជាក់ថា ការបណ្តោះបណ្តាលឱ្យប្រើប្រាស់ និងការអាចផ្គត់ផ្គង់យន្តហោះចម្បាំង F-16 តែម្តង ឱ្យដល់អ៊ុយក្រែន គឺធ្វើឡើង បន្ទាប់ពីមានការជជែកពិភាក្សាផ្ទៃក្នុងស៉ីជម្រៅ នៅឯទីក្រុងវ៉ាស៊ីនតោន អំពីហានិភ័យដែលអ៊ុយក្រែនអាចប្រើយន្តហោះនេះ ដើម្បីវាយប្រហារគោលដៅនៅលើទឹកដីរុស្ស៉ី ដែលនឹងធ្វើឲ្យកើនឡើងនូវជម្លោះ៕