(ប៉េកាំង)៖ ថ្ងៃទី២៣ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតសួរសុខទុក្ខជូនចំពោះលោក Yoweri Kaguta Museveni ប្រធានាធិបតីអ៊ូហ្គង់ដា អំពីការដែលសាលារៀនមួយនៃអ៊ូហ្គង់ដា បានរងការវាយប្រហារភេរវកម្មហើយបណ្តាល ឱ្យមនុស្សជាច្រើននាក់ស្លាប់បាត់បង់ជីវិតនិងរងរបួស។

លោក Xi Jinping បានលើកឡើងក្នុងលិខិតថា  «ខ្ញុំទើបតែដឹងថាក្នុងសាលារៀនមួយនៃតំបន់ Kasese ដែលស្ថិតនៅភាគខាងលិចប្រទេសលោក បានរងការវាយប្រហារភេរវកម្មដែល បានបណ្តាលឱ្យមនុស្សជាច្រើននាក់ស្លាប់បាត់បង់ជីវិតនិងរងរបួស ។ ខ្ញុំសូមតាំងនាមរដ្ឋាភិបាលចិន និងប្រជាជនចិន ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះ អ្នកដែលបានរងគ្រោះស្លាប់បាត់បង់ជីវិត និង សូមចូលរួមសួរសុខទុក្ខយ៉ាងស្មោះ ចំពោះញាតិសន្តានរបស់អ្នករងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនិងអ្នករបួសផង»

លោក Xi Jinping បានបន្តថា ភាគីចិនសូមធ្វើការថ្កោលទោស ចំពោះអំពើហិង្សានិងអំពើភេរវកម្មទោះតាមរូបភាពណាក៏ដោយ ចិននឹងបន្តគាំទ្រអ៊ូហ្គង់ដាបង្ក្រាបភេរវនិយម និងរាល់ការខិតខំដើម្បីគាំពារសន្តិសុខជាតិ និងស្ថិរភាពជាតិរបស់អ៊ូហ្គង់ដា៕

វិទ្យុមិត្តភាពកម្ពុជាចិន