(កាប៊ុល)៖ របាយការណ៍ដែលចេញផ្សាយនៅថ្ងៃអង្គារនេះ ដោយបេសកកម្មរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំអាហ្វហ្កានីស្ថាន បានអះអាងថា ជនស៉ីវិលអាហ្វហ្កានីស្ថានសរុបជាង១,០០០នាក់ ត្រូវបានសម្លាប់ក្នុងសកម្មភាពបំផ្ទុះគ្រាប់បែក និងអំពើហិង្សាផ្សេងៗទៀត គិតចាប់តាំងពីក្រុមយោធាអន្តរជាតិ បានដកខ្លួនចេញ ហើយក្រុមតាលីបង់បានឡើងគ្រប់គ្រងប្រទេសនេះ កាលពីឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣។

យោងតាមរបាយការណ៍នៃបេសកកម្ម UN ប្រចាំអាហ្វហ្កានីស្ថាន ហៅកាត់ UNAMA គិតចាប់ពីចន្លោះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ រហូតដល់ខែឧសភា ឆ្នាំ២០២៣នេះ ជនស៉ីវិលសរុបចំនួន១,០៩៥នាក់ ត្រូវបានសម្លាប់ និង២,៦៧៩នាក់ ត្រូវបានធ្វើឱ្យរងរបួស ដែលជាការគូសរំលេចឱ្យឃើញពី បញ្ហាប្រឈមផ្នែកសន្តិសុខដែលនៅតែមាន សូម្បីក្រោយការបិទបញ្ចប់សង្រ្គាមរាប់ទសវត្សរ៍។ ភាគច្រើននៃករណីអ្នកបាត់បង់ជីវិត គឺជាង៧០០នាក់ ត្រូវបានបង្កឡើងដោយគ្រឿងផ្ទុះ រួមមានទាំងការបំផ្ទុះគ្រាប់បែកអត្តឃាត នៅតាម​កន្លែងសាធារណៈ ដូចជាព្រះវិហារ មជ្ឈមណ្ឌលអប់រំ និងផ្សារលក់ឥវ៉ាន់ ជាដើម។

UNAMA បានធ្វើការកត់សម្គាល់ក្នុងរបាយការណ៍ថា ទោះបីជាការប្រយុទ្ធគ្នាបានថយចុះយ៉ាងច្រើន ចាប់តាំងពីក្រុមតាលីបង់បានឡើង​គ្រប់គ្រងអំណាចកាលពីខែសីហា ឆ្នាំ២០២១ ក្រោយការដកខ្លួនរបស់ក្រុមយោធាអន្តរជាតិ និងការដួលរលំនៃរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដែលគាំទ្រដោយសហរដ្ឋអាមេរិកក៏ដោយក្តី បញ្ហាប្រឈមផ្នែកសន្តិសុខ នៅតែបន្តមានក្នុងប្រទេសអាហ្វហ្កានីស្ថាន ជាពិសេសដោយសារ​ក្រុមភេរវករ ISIS។

គួរបញ្ជាក់ថា កន្លងមកនេះ អាជ្ញាធរតាលីបង់ធ្លាប់បានអះអាងថា ពួកគេកំពុងផ្តោតសំខាន់ទៅលើការធានាសន្តិសុខរបស់ប្រទេស ហើយក៏​បានបើកប្រតិបត្តិការវាយឆ្មក់ ជាច្រើនលើក ប្រឆាំងនឹងបណ្តាញពួក ISIS ក្នុងពេលប៉ុន្មានខែចុងក្រោយនេះ ផងដែរ។ ឆ្លើយតបចំពោះ UN ក្រសួងការបរទេសអាហ្វហ្កានីស្ថានរបស់តាលីបង់ ក៏បានលើកឡើងដែរថា ប្រទេសអាហ្វហ្កានីស្ថានធ្លាប់ជួបបញ្ហាប្រឈមផ្នែកសន្តិសុខធ្ងន់ធ្ងរខ្លាំង កាលពីអំលុងសង្រ្គាមជាច្រើនឆ្នាំ មុនពេលរដ្ឋាភិបាលខ្លួន ឡើងគ្រប់គ្រងអំណាចទៅទៀត ហើយឥឡូវស្ថានការណ៍ ទទួលបាន​ភាពប្រសើរឡើងជាងមុន បើធៀបទៅនឹងពេលនោះ៕