(បាងកក)៖ បេក្ខជននាយករដ្ឋមន្រ្តីថៃនាំមុខគេគឺ លោក ភីថា លឹមចារឿនរ៉ាត់ (Pita Limjaroenrat) បាននិយាយនៅថ្ងៃអង្គារនេះថា លោកមានការគាំទ្រគ្រប់គ្រាន់នៅព្រឹទ្ធសភា ដើម្បីក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសអាស៊ានមួយនេះ ខណៈនៅប៉ុន្មានថ្ងៃទៀត សភាថៃថ្មីនឹងត្រូវបើកសម័យប្រជុំលើកដំបូងរបស់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣។

លោក ភីថា ដែលជាប្រធានគណបក្ស Move Forward កំពុងស្ថិតនៅលើផ្លូវមិនច្បាស់លាស់មួយ ក្នុងការឆ្ពោះទៅក្លាយជានាយករដ្ឋមន្រ្តី បើទោះបីជាគណបក្សរបស់លោក ទទួលបានជ័យជម្នះដ៏ភ្ញាក់ផ្អើលមួយ នៅក្នុងការបោះឆ្នោតសកល កាលពីខែឧសភាកន្លងទៅក៏ដោយ។ ក្រុមចម្រុះរបស់លោក ដែលមានគណបក្សចំនួន៨ ចាប់ដៃសហការគ្នា គឺរកបានអាសនៈសរុបត្រឹមតែ៣១២អាសនៈប៉ុណ្ណោះ នៅក្នុងរដ្ឋសភា។

នៅក្រោមរដ្ឋធម្មនុញ្ញនៃប្រទេសថៃ ដើម្បីអាចក្លាយជានាយករដ្ឋមន្រ្តីបាន លោក ភីថា ត្រូវការសំឡេងឆ្នោតគាំទ្រយ៉ាងហោចណាស់ ៣៧៦សំឡេង ពីសំណាក់សមាជិករដ្ឋសភា និងព្រឹទ្ធសភារួមបញ្ចូលគ្នា។ អ្វីដែលជាឧបសគ្គសម្រាប់លោក គឺនៅឯព្រឹទ្ធសភាថៃ មានសមាជិកសរុបចំនួន២៥០នាក់ ដែលភាគច្រើនត្រូវបានតែងតាំង​ដោយអតីតរបបយោធា ដែលបានឡើងគ្រប់គ្រងអំណាច កាលពីឆ្នាំ២០១៤។

គួរបញ្ជាក់ថា មន្ទិលសង្ស័យបានកើតមាន ជុំវិញសំណួរថា តើលោក ភីថា នឹងមានការគាំទ្រគ្រប់គ្រាន់ឬអត់ ដើម្បីក្លាយជានាយករដ្ឋមន្រ្តី ដោយសារតែសំណើដ៏ចម្រូសចម្រាសមួយ របស់គណបក្សលោក ស្តីពីការចង់ធ្វើវិសោធនកម្មចំពោះច្បាប់ការពារព្រះចេស្តាព្រះមហាក្សត្រថៃ។ គណបក្ស Move Forward បាននិយាយថា ច្បាប់ដ៏តឹងរ៉ឹងខ្លាំងនេះ ភាគច្រើនត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយ ដើម្បីបង្រ្កាប​ទៅលើអ្នកដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលសព្វថ្ងៃ។

បើតាមលោក ភីថា គណបក្សរបស់លោក កំពុងស្ថិតក្នុងដំណើរការពន្យល់បកស្រាយ ពីគោលជំហររបស់ខ្លួន ប្រាប់ទៅក្រុមសមាជិក​ព្រឹទ្ធសភាថៃ។ បន្ទាប់ពីបើកសម័យប្រជុំដំបូង នៅថ្ងៃទី៣ ខែកក្កដា សភាថៃត្រូវគេរំពឹងថា នឹងធ្វើការបោះឆ្នោតសម្រេចជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី នៅថ្ងៃទី១៣ ខែដដែល៕