(វីលនីញូស)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ អាល្លឺម៉ង់បានប្រកាសថា ខ្លួនបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីដាក់ពង្រាយកងទ័ពចំនួន ៤,០០០នាក់ នៅលីទុយអានី បន្ទាប់ពីប្រទេសតំបន់បាល់ទិកមួយនេះ បានអំពាវនាវឱ្យអង្គការណាតូ (NATO) ពង្រឹងការការពារនៅផ្នែកភាគកើតរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣។
ថ្លែងកំលុងពេលទស្សនកិច្ចនៅទីក្រុងវីលនីញូស នៃប្រទេសលីទុយអានី រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក បូរីស ភីស្តូរីយូស (Boris Pistorius) បាននិយាយថា អាល្លឺម៉ង់ត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបញ្ជូនកងវរសេនាធំមួយ ឱ្យឈរជើងជាអចិន្រ្តៃយ៍នៅលីទុយអានី។ យ៉ាងណាក្តី លោកប្រមុខការពារជាតិអាល្លឺម៉ង់ បានបន្ថែមថា ការដាក់ពង្រាយកងទ័ពបន្ថែម គឺអាស្រ័យទៅលើវត្តមានហេដ្ឋារចនាសម្ព័ន្ធដែលចាំបាច់ ហើយនិងភាពត្រូវរ៉ូវគ្នាជាមួយផែនការរបស់ NATO។
គួរបញ្ជាក់ថា បច្ចុប្បន្ន អាល្លឺម៉ង់មានកងទ័ព៨០០នាក់ ដែលកំពុងឈរជើងជាអចិន្រ្តៃយ៍នៅប្រទេសលីទុយអានី ហើយក៏មាន ៦៥០នាក់ផ្សេងទៀត ដែលត្រូវបានដាក់ពង្រាយ ក្នុងលក្ខណៈមិនអចិន្រ្តៃយ៍នៅទីនោះផងដែរ ក្រោយមានការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ប្រធានាធិបតីលីទុយអានី បានចេញមុខព្រមានថា ប្រសិនបើក្រុមទាហានស៉ីឈ្នួលរុស្ស៉ី Wagner ត្រូវផ្លាស់ទៅឈរជើងនៅប្រទេសបេឡារុស ក្រោយការបះបោរនៅឯប្រទេសរុស្ស៉ី នោះ NATO ចាំបាច់ត្រូវបង្កើនការការពារ នៅឯចំហៀងភាគខាងកើតរបស់ខ្លួន៕