(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ីនៅថ្ងៃអង្គារនេះ បានឱ្យដឹងថា ខ្លួនបានចាប់ផ្តើមការធ្វើសមយុទ្ធយន្តហោះចម្បាំង នៅលើសមុទ្របាល់ទិក ជាមួយគោលដៅស្ទាបស្ទង់ ការត្រៀមលក្ខណៈសម្រាប់ប្រតិបត្តិការប្រយុទ្ធ និងកិច្ចការពិសេសផ្សេងៗទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣។

ក្រសួងការពារជាតិរុស្ស៉ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា កំលុងសមយុទ្ធខាងលើ ក្រុមយន្តហោះចម្បាំង Su-27 បានហាត់សមប្រើអាវុធបាញ់​ទៅលើ មីស៉ីលគ្រូសនិងយន្តហោះសត្រូវ ហើយក្រសួងក៏បានបន្ថែមទៀតថា ក្រុមពីឡុតយន្តហោះចម្បាំងរុស្ស៉ី កំពុងខិតខំ​ដុសខាតជំនាញរបស់ពួកគេ និងកំពុងស្ថិតក្រោមការអនុវត្តភារកិច្ចយ៉ាងជាប់លាប់ ក្នុងការការពារដែនអាកាស នៃតំបន់កាលីនីនក្រាដ (Kaliningrad) របស់​រុស្ស៉ី ដែលស្ថិតនៅចន្លោះប្រទេសប៉ូឡូញនិងលីទុយអានី ជាប់សមុទ្របាល់ទិក។

ដោយឡែក កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្រសួងការពារជាតិរុស្ស៉ី បាននិយាយថា ខ្លួនបានចល័តយន្តហោះចម្បាំង២គ្រឿង នៅពេលដែល​ក្រុមយន្តហោះចម្បាំង Typhoon របស់ចក្រភពអង់គ្លេស បានហោះមកក្បែរព្រំប្រទល់រុស្ស៉ី នៅលើតំបន់សមុទ្រខ្មៅ។ បើតាមទីក្រុងមូស្គូ យន្តហោះចម្បាំង Typhoon ទាំងនោះ បានអមដំណើរ យន្តហោះឈ្លបការណ៍មួយគ្រឿងធុន RC-135។

គួរបញ្ជាក់ថា អំលុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការហោះស្ទាក់ដែលពាក់ព័ន្ធជាមួយយន្តហោះយោធារុស្ស៉ី និងក្រុមលោកខាងលិច បានកើនឡើងគួរឱ្យកត់សម្គាល់ នៅលើដែនអាកាសសមុទ្រខ្មៅនិងសមុទ្របាល់ទិក ចំពោះមុខភាពតានតឹងជុំវិញវិបត្តិសង្រ្គាមឈ្លានពាន​របស់រុស្ស៉ីនៅអ៊ុយក្រែន៕