(មូស្គូ)៖ លោក ឡេអូនីត ស្លាត់ស្គី (Leonid Slutsky) ដែលជាសមាជិកសភាជាន់ខ្ពស់មួយរូបរបស់រុស្ស៉ី នៅថ្ងៃចន្ទសប្តាហ៍នេះបានអំពាវនាវឲ្យមាន ការបង្កើនកងទ័ពជំនាញដល់ចំនួន ៧លាននាក់ ដើម្បីធានាថាក្រុមទាហានស៉ីឈ្នួលគ្មានភាពចាំបាច់ក្នុងភារកិច្ចការពារសន្តិសុខរបស់ប្រទេស។ នេះបើ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣។
ប្រទេសរុស្ស៉ី ត្រូវបានរង្គោះរង្គើដោយការបះបោរដែលបរាជ័យរបស់លោក យេវហ្គីនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) ថៅកែក្រុមហ៊ុនទាហានស៉ីឈ្នួល Wagner កាលចុងសប្តាហ៍មុន។ លោក ស្លាត់ស្គី ដែលធ្លាប់ចូលរួមក្នុងការចរចាជាច្រើនទាក់ទងនឹងយុទ្ធនាការរបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន បាននិយាយថា រុស្ស៉ីត្រូវការកងទ័ពជំនាញយ៉ាងហោចណាស់ ៧លាននាក់ និងបុគ្គលិកស៉ីវិលបម្រើការក្នុងជួរទាហានបច្ចុប្បន្ន។ លោក ស្លាត់ស្គី បានគូសបញ្ជាក់ថា «រុស្ស៉ីមិនត្រូវការក្រុមហ៊ុនយោធាឯកជន និងការចូលចិត្តពីពួកគេនោះទេ។ មានបញ្ហាខ្លះនៅក្នុងជួរកងទ័ព ប៉ុន្តែក្រុមហ៊ុនយោធាឯកជន មិនអាចដោះស្រាយវាបានទេ។
គួរបញ្ជាក់ថា នៅចុងឆ្នាំ២០២២ លោក ពូទីន បានគាំទ្រការបង្កើនកងទ័ពប្រយុទ្ធឲ្យដល់ចំនួន ១.៥លាននាក់ ដោយក្នុងនោះរួមទាំងទាហានជាប់កិច្ចសន្យា ពីចំនួន ៦៩៥,០០០នាក់រហូតដល់ចំនួន ១.១៥លាននាក់។ ការបង្កើតកងទ័ពកិច្ចសន្យាចំនួន ៧លាននឹងត្រូវការប្រាក់ឧបត្ថម្ភថវិកាយ៉ាងច្រើន ខណៈសេដ្ឋកិច្ចរុស្ស៉ីដែលជាប់គាំងដោយសង្រ្គាម និងទណ្ឌកម្មលោកខាងលិចជាបន្តបន្ទាប់នោះ បានធ្លាក់ចុះ ២.២ភាគរយកាលពីឆ្នាំ២០២២ ហើយត្រូវបានគេរំពឹងថានឹងងើបឡើងវិញតិចតួចប៉ុណ្ណោះនៅឆ្នាំ២០២៣៕