(វ៉ាស៉ីនតោន)៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទសប្តាហ៍នេះបានសន្ទនាជាមួយលោកស្រី ចចជៀ ម៉េឡូនី (Giorgia Meloni) អំពីការបះបោររបស់ទាហានស៊ីឈ្នួលរុស្ស៉ី ប្រឆាំងនឹងវិមានក្រឹមឡាំង និងបានអញ្ជើញលោកស្រីបំពេញទស្សនកិច្ច មកកាន់សេតវិមានក្នុងខែកក្កដា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣។

សេតវិមាន បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា លោក បៃដិន បានបើកកិច្ចពិភាក្សាជាមួយសម្ព័ន្ធមិត្តសំខាន់ៗអំពីព្រឹត្តិការណ៍នៅក្នុងប្រទេសរុស្ស៉ី ហើយ ជំនួបតាមទូរស័ព្ទជាមួយលោកស្រី ម៉េឡូនី គឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងនេះដែរ។ មេដឹកនាំទាំងពីរ បានបញ្ជាក់ពីការគាំទ្រមិនងាករេចំពោះអ៊ុយក្រែន។ លើសពីនេះទៅទៀត លោក បៃដិន និងលោកស្រី ម៉េឡូនី ក៏បានពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលណាតូ (NATO) ដែលគ្រោងធ្វើឡើង នៅទីក្រុងវីលនីញូស (Vilnius) នៃប្រទេសលីទុយអានី នៅខែកក្កដាខាងមុខនេះ រួមទាំងការវិវត្តថ្មីៗនៅឯអាហ្វ្រិកខាងជើងផងដែរ។

គួរបញ្ជាក់ថា ការបះបោររយៈពេលខ្លីកាលពីចុងសប្តាហ៍កន្លងទៅ ពីសំណាក់ថៅកែក្រុមទាហានស៊ីឈ្នួល Wagner លោក យេវហ្គីនី ព្រីហ្គោហ្ស៉ីន បាននាំឲ្យ មានជំនួបតាមទូរស័ព្ទបន្ទាន់ក្នុងចំណោមមេដឹកនាំលោកខាងលិច ដើម្បីវាយតម្លៃលើស្ថានភាព និងផលវិបាកនៃការបះបោរនេះសម្រាប់អ៊ុយក្រែន រុស្ស៉ី ក៏ដូចជាបញ្ហាផ្សេងៗ៕