(យូអិន)៖ អ្នកជំនាញម្នាក់របស់អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យសហរដ្ឋអាមេរិកសុំទោស ចំពោះការធ្វើទារុណកម្មលើអ្នកទោសក្នុងពន្ធនាគារ ហ្គង់តាណាម៉ូ (Guantanamo) និងធានាទទួលខុសត្រូវលើការរំលោភបំពានទាំងឡាយ ព្រមទាំងបិទពន្ធនាគារមានក្កេរិ៍ឈ្មោះស្អុយអសោចគ្រប់គ្រងដោយ សហរដ្ឋអាមេរិកមួយនេះ ក្នុងប្រទេសគុយបា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣។
នៅក្នុងរបាយការណ៍មួយចេញផ្សាយនៅថ្ងៃចន្ទ ទី២៦ ខែមិថុនា អ្នករាយការណ៍ពិសេស UN លោកស្រី ហ្វីយ៉ូននួឡា នី អូលែន (Fionnuala Ni Aolain) ក៏បានអរគុណផងដែរដល់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន សម្រាប់ការអនុញាតឱ្យលោកស្រីចូលទៅកាន់ពន្ធនាគារហ្គង់តាណាម៉ូ កាលពីដើមឆ្នាំ២០២៣កន្លងទៅ ប៉ុន្តែលោកស្រីបានសង្កត់ធ្ងន់ពីតម្រូវការចាំបាច់ក្នុងការដោះស្រាយការរំលោភបំពានប្រឆាំងអ្នកទោស។
បើតាមលោកស្រី នី អូលែន ការធ្វើទារុណកម្មលើអ្នកទោស ត្រូវបានធ្វើឡើងនៅកន្លែងសម្ងាត់ជាច្រើន នៃពន្ធនាគារហ្គង់តាណាម៉ូ ដែលនេះជាឧបសគ្គរាំងស្ទះ ដល់ការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះនៃមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា។
គួរបញ្ជាក់ថា ពន្ធនាគារហ្គង់តាណាម៉ូ ត្រូវបានបើកទ្វារក្នុងឆ្នាំ២០០២ នៅក្រោមរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក ចច ដាប់ប៊ែល យូប៊ូស ដើម្បី ឃុំខ្លួនអ្នកទោសដែលត្រូវបានចាប់ខ្លួន នៅក្នុងសង្រ្គាមប្រឆាំងភេរវកម្មរបស់សហរដ្ឋអាមេរិក បន្ទាប់ពីការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ក្នុងទីក្រុងញូវយ៉ក និងទីក្រុងវ៉ាស៊ីនតោន។ ពន្ធនាគារនេះដំបូងឡើយឃុំខ្លួនអ្នកទោសជិត ៨០០នាក់ តែចំនួនអ្នកទោសនាពេលបច្ចុប្បន្ន បានកាត់បន្ថយ មកនៅត្រឹម ៣០នាក់ ហើយក្នុងចំណោមអ្នកទោសទាំង៣០នាក់ទៀតសោត មាន១៦នាក់ ត្រូវបានប្រកាសថាមានសិទ្ធិទទួលបានការដោះលែងពី អាជ្ញាធរអាមេរិក៕