(កៀវ)៖ អ៊ុយក្រែន បានអះអាងថាកងកម្លាំងរបស់ខ្លួនបានវាយដណ្ដើមយកភូមិ រៀវណូពីល (Rivnopil) ស្ថិតនៅក្នុងតំបន់ភាគអាគ្នេយ៍នៃប្រទេស ហើយនេះជាជ័យជម្នះចុងក្រោយបំផុតមួយ ចាប់តាំងពីទីក្រុងកៀវបើកប្រតិបត្តិការវាយបកប្រឆាំងកងកម្លាំងរុស្ស៉ីកាលពីដើមខែមិថុនាមក។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣។
នៅក្នុងសារមួយបង្ហោះលើ Telegram កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកស្រី ហាន់ណា ម៉ាលីយ៉ា (Hanna Maliar) បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «កងកម្លាំងអ៊ុយក្រែន បានដណ្ដើមកាន់កាប់ភូមិ Rivnopil មកវិញ»។ ប៉ុន្តែ លោកស្រីមិនបានបញ្ជាក់ពី កាលបរិច្ឆេទដែលកងកម្លាំងអ៊ុយក្រែនចូលទៅគ្រប់គ្រងភូមិនេះនោះទេ ដោយគ្រាន់តែឱ្យដឹងបន្ថែមថាទឹកដីទំហំ ១៣០គីឡូម៉ែត្រក្រឡាត្រូវបានរំដោះ ក្នុងតំបន់ភាគខាងត្បូង ចាប់តាំងពីបើកប្រតិបត្តិការវាយបកមក។
គួរបញ្ជាក់ថា ភូមិ រៀវណូពីល (Rivnopil) គឺជាភូមិទី៩ហើយ ដែលកងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកពីកងកម្លាំងរុស្ស៉ីមកវិញ ហើយភូមិនេះ ក៏ទទួលរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរផងដែរ៕