(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទសប្ដាហ៍នេះបានផ្ដល់ការគោរព និងការកោតសរសើរដល់ពីឡុតរុស្ស៉ីដែលត្រូវបានសម្លាប់ អំឡុងព្យាយាមបញ្ឈប់ការបះបោររបស់ក្រុមទាហានស៊ីឈ្នួល Wagner កាលពីចុងសប្ដាហ៍កន្លងទៅ ដែលនេះគឺជាការទទួលស្គាល់សេចក្ដីរាយការណ៍ របស់ក្រុមអ្នកសរសេរប្លុកយោធារុស្ស៉ី ដែលបានអះអាងថាយន្ដហោះជាច្រើនគ្រឿងត្រូវបានបាញ់ទម្លាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣។
ក្រុមទាហានស៊ីឈ្នួល Wagner កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ បានគ្រប់គ្រងទីក្រុង Rostov-on-Don ស្ថិតនៅភាគខាងត្បូងនៃប្រទេសរុស្ស៉ី ហើយបានបន្តដំណើរឆ្ពោះទៅមុខនៅចម្ងាយ២០០គីឡូម៉ែត្រ ពីរដ្ឋធានីមូស្គូ មុនមេទាហានស៊ីឈ្នួលលោក ព្រីហ្គោហ្ស៉ីន សម្រេចចិត្តបោះបង់ចោល ការបះបោរ។ ថ្លែងនៅក្នុងសុន្ទរកថាមួយ លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា «ភាពក្លាហាន និងការពលីជីវិតរបស់ពីឡុតដែលបានស្លាប់ បានជួយ សង្រ្គោះរុស្ស៉ីពីសោកនាដកម្ម»។ លោក ពូទីន បន្ថែមថាការសម្រេចចិត្តលើកលែងទោសឱ្យក្រុមទាហានស៊ីឈ្នួល រួមទាំងលោក ព្រីហ្គោហ្ស៉ីន គឺធ្វើឡើងដើម្បីបញ្ចៀសការបង្ហូរឈាម។ ប៉ុន្តែ សមាជិកសភាជាន់ខ្ពស់រុស្ស៉ីម្នាក់បានទទូចឱ្យមានការដាក់ទោសលើអ្នកដែលបានចូលរួមក្នុង សកម្មភាពបះបោរ។
គួរបញ្ជាក់ថា លោក ពូទីន ផ្ទាល់មិនបានបញ្ជាក់លម្អិតថាតើមានពីឡុតចំនួនប៉ុន្មាននាក់បានបាត់បង់ជីវិត ឬក៏យន្ដហោះប៉ុន្មានគ្រឿងត្រូវបានបាញ់ ទម្លាក់ដោយទាហានស៊ីឈ្នួលនោះទេ ប៉ុន្តែមានសេចក្ដីរាយការណ៍ខ្លះ អះអាងថាពីឡុតរុស្ស៉ី១៣នាក់ ត្រូវបានសម្លាប់ក្នុងពេលបង្ក្រាបការបះបោរ៕