(ញូវដែលី)៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi កាលពីថ្ងៃអាទិត្យបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ ដែលបញ្ជាក់ពីការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលអ្នកជំនាញមើលឃើញថា អាចនឹងផ្តល់ប្រយោជន៍ជាច្រើនដល់ភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣។

លោក Modi បានទៅដល់ទីក្រុងគែរប្រទេសអេហ្ស៊ីបកាលពីរសៀលថ្ងៃសៅរ៍ បន្ទាប់ពីបានបំដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃទៅកាន់សហរដ្ឋអាមេរិក។

ដំណើរទស្សនកិច្ច​ លោក Modi លើកនេះ ជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់នាយករដ្ឋមន្ត្រីឥណ្ឌា ទៅកាន់ប្រទេសអេហ្ស៊ីបចាប់តាំងពីឆ្នាំ១៩៩៧។ ដំណើរទស្សនកិច្ចនេះទៀតសោត បានកើតឡើងតិចជាងប្រាំមួយខែ បន្ទាប់ពី លោក Sisi បានទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាកាលពីដើមឆ្នាំនេះ នៅពេលដែលមេដឹកនាំទាំងពីរ បានប្រកាសជាលើកដំបូង អំពីផែនការជំរុញភាពជាដៃគូយុទ្ធសាស្ត្ររបស់ពួកគេ។

អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Arindam Bagchi បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា មេដឹកនាំនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ»។

ទន្ធឹមនឹងនេះ លោក Bagchi បានគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំរវាងថ្នាក់ដឹកនាំទាំងពីរបានប្រព្រឹត្តិទៅដោយរលូន និងមានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយភាគីឥណ្ឌានិងអេហ្ស៊ីបបានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ចំនួនបីផ្សេងទៀតលើវិស័យកសិកម្ម បុរាណវិទ្យា និងច្បាប់ប្រកួតប្រជែង។

គួរបញ្ជាក់ថា កាលពីខែមករាកន្លងទៅ លោក Modi និង លោក Sisi បានយល់ព្រមបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនដល់ ១២ពាន់លានដុល្លារក្នុងរយៈពេល ៥ឆ្នាំខាងមុខ ពី ៧.៣ពាន់លានដុល្លារក្នុងឆ្នាំ២០២១-២០២២។ ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើននៅទីក្រុងញូវដេលីផងដែរ ស្តីពីការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខតាមអ៊ីនធឺណិត បច្ចេកវិទ្យាព័ត៌មាន វប្បធម៌ និងការផ្សព្វផ្សាយ៕