(តេហេរ៉ង់)៖ យោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃចន្ទសប្តាហ៍នេះថា យន្តហោះគ្មានមនុស្សបើក (ដ្រូន) ឈ្លបយកការណ៍របស់អ៊ីស្រាអែលមួយគ្រឿង «បានធ្លាក់» ក្នុងប្រទេសលីបង់ ខណៈពេលវាកំពុងប្រមូលព័ត៌មានជុំវិញប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣។
យោធាអ៊ីស្រាអែលបានគូសបញ្ជាក់ថា ដ្រូនមួយគ្រឿងរបស់ខ្លួន «បានធ្លាក់ក្នុងទឹកដីលីបង់ អំលុងពេលសកម្មភាពប្រមូលព័ត៌មានធម្មតា ហើយថា គ្មានហានិភ័យនៃការលេចធ្លាយទិន្នន័យពីយន្តហោះដ្រូនតូចមួយនោះទេ»។
ក្រុមហេសបូឡាដែលជាក្រុមសកម្មប្រយុទ្ធ និងជាគណបក្សនយោបាយមួយក្នុងប្រទេសលីបង់ ដែលគាំទ្រដោយអ៊ីរ៉ង់ បានអះអាងទទួលខុសត្រូវចំពោះការបាញ់ទម្លាក់ដ្រូននេះ។
សេចក្តីថ្លែងការណ៍ដែលផ្សាយដោយទូរទស្សន៍ Al-Manar TV ដែលជាកម្មសិទ្ធិរបស់ក្រុមនេះបាននិយាយថាដ្រូននេះ «បានរំលោភលើដែនអាកាសរបស់ប្រទេសលីបង់ នៅជិតទីក្រុង Zibqin ភាគខាងត្បូង»។
គួរបញ្ជាក់ថា ទាំងក្រុមហេសបូឡា និងអ៊ីស្រាអែល បានបញ្ជាក់ជាច្រើនដងថា ពួកគេបានបាញ់ទម្លាក់យន្តហោះដ្រូនរបស់គ្នាទៅវិញទៅមក។ កាលពីខែឧសភាកន្លងទៅ យោធាអ៊ីស្រាអែលបានប្រកាសថា ខ្លួនបានស្ទាក់ចាប់យន្តហោះដ្រូន ដែលបានចូលក្នុងដែនអាកាសអ៊ីស្រាអែល ពីប្រទេសលីបង់ ប៉ុន្តែមិនបានសន្មតថា យន្តហោះនេះជារបស់ក្រុមណាជាក់លាក់ឡើយ៕