(ហ្សឺណែវ)៖ មន្ត្រីអង្គការសហប្រជាជាតិបានលើកឡើងថា ការបញ្ចប់កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ នឹងប៉ះពាល់ដល់តំបន់អាហ្វ្រិកយ៉ាងធ្ងន់ធ្ងរ ដោយព្រមានថាការកើនឡើងតម្លៃស្បៀងអាហារនឹងធ្វើឱ្យមនុស្សរាប់សិបលាននាក់ប្រឈមនឹងភាពអត់ឃ្លាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣។
ទីក្រុងមូស្គូ បានគម្រាមដើរចេញពីកិច្ចព្រមព្រៀង ដែលគេស្គាល់ថា ជាគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងប្រទេសតួកគី កាលពីខែកក្កដាឆ្នាំមុន ប្រសិនបើឧបសគ្គចំពោះការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ និងជីរបស់ខ្លួនមិនត្រូវបានដកចេញ។ បេសកជនអ៊ុយក្រែនម្នាក់បាននិយាយថា លោកប្រាកដថា រុស្ស៊ីនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ខណៈវានឹងផុតកំណត់នៅថ្ងៃទី ១៨ ខែកក្កដាខាងមុខនេះ។
លោក Dominique Ferretti មន្ត្រីជាន់ខ្ពស់ផ្នែកសង្គ្រោះបន្ទាន់របស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានប្រាប់សន្និសីទសង្ខេបនៅទីក្រុងហ្សឺណែវថា «ការមិនបន្តគំនិតផ្តួចផ្តើម នៃសមុទ្រខ្មៅនឹងពិតជាប៉ះពាល់ដល់អាហ្វ្រិកខាងកើតយ៉ាងធ្ងន់ធ្ងរ។ មានប្រទេសមួយចំនួនដែលពឹងផ្អែកលើស្រូវសាលីរបស់អ៊ុយក្រែន ហើយបើគ្មានវាទេ យើងនឹងឃើញតម្លៃម្ហូបអាហារឡើងថ្លៃខ្លាំង»។
ទោះយ៉ាងណា លោក Ferretti បានបន្ថែមថា WFP កំពុងស្វែងរកប្រភពស្បៀងអាហារជាមុន តាមដែលអាចធ្វើទៅបាន ហើយនឹងត្រូវបានបង្ខំឱ្យព្យាយាមផ្លាស់ប្តូរអ្នកផ្គត់ផ្គង់ ប្រសិនបើកិច្ចព្រមព្រៀងត្រូវបានលុបចោល។
គួរបញ្ជាក់ថា គ្រោះទុរ្ភិក្សត្រូវបានបញ្ចៀសនៅក្នុងផ្នែកខ្លះនៃតំបន់ខ្នែង នៃទ្វីបអាហ្រ្វិកក្នុងឆ្នាំនេះ។ ប៉ុន្តែមន្ត្រីជំនួយបាននិយាយថា មនុស្សប្រហែល ៦០លាននាក់នៅតែគ្មានសុវត្ថិភាពស្បៀងអាហារនៅក្នុងប្រទេសចំនួនប្រាំពីរនៅអាហ្វ្រិកខាងកើត។
មន្ត្រីអង្គការសុខភាពពិភពលោកបាននិយាយថា កុមារប្រហែល ១០.៤លាននាក់នៅក្នុងប្រទេសសូម៉ាលី ស៊ូដង់ខាងត្បូង និងផ្នែកខ្លះនៃប្រទេសកេនយ៉ាប្រឈមនឹងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ជាមួយនឹងរបាយការណ៍ពីចំនួននៃការចូលមន្ទីពេទ្យខ្ពស់បំផុតក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ៕