(មូស្គូ)៖ នាប៉ុន្មានថ្ងៃមកនេះ ពិភពលោកបានផ្តោតជាខ្លាំងលើក្រុមទាហានស៊ីឈ្នួល Wagner របស់ រុស្ស៊ី ដែលហ៊ានធ្វើការបះបោរប្រឆាំងនឹងរដ្ឋាភិបាលរុស្ស៊ី។ តើក្រុម Wagner នោះ មានប្រវត្តិ យ៉ាងណាហើយមានរឿងអ្វីដែលជាប់ពាក់ព័ន្ធទើបបណ្តាលឱ្យការងើបបះបោរប្រឆាំងនឹងរដ្ឋា ភិបាលរុស្ស៊ីខណៈការធ្វើសង្គ្រាមជាមួយនឹងអ៊ុយក្រែនកំពុងតែមានលក្ខណៈឆាបឆេះសន្ធោរសន្ធៅនេះ។
លោក Yevgeny Prigozhin គឺជាមេដឹកនាំក្រុមទាហានស៊ីឈ្នួលនៃក្រុមវែកណឺ or Wagner Group ។ ក្រុម Wagner បានសម្តែងតួនាទីរបស់ខ្លួនកាន់តែខ្លាំង និងកាន់តែលេចធ្លោលើឆាកអន្តរជាតិ បន្ទាប់ពីបានជួយរដ្ឋាភិបាលរុស្ស៊ីនៅក្នុងសង្គ្រាមនៅអ៊ុយក្រែនជាពិសេសការជួយ វាយគ្រប់គ្រងលើសមរភូមិ Bakhmut ដែលក្រុម Wagner បានលើកទង់ជ័យជំនះរបស់ខ្លួនក្នុង អម្លុងខែមេសាឆ្នាំ២០២៣។ សង្គ្រាមនៅក្រុងបាក់មុត គឺជាសង្គ្រាមដ៏កាចសាហាវបំផុតដែល មានជីវិតមនុស្សច្រើនម៉ឺននាក់បានស្លាប់និងរបួស និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងក្រុងនេះ ត្រូវ បានខ្ទេចខ្ទីអស់ទាំងស្រុង។ ប៉ុន្តែក្រុមទាហានស៊ីឈ្នួលឯកជននេះ នៅតែអាចយកជោគជ័យ នៅទីនោះបាន បើទោះបីជាកងកម្លាំងអ៊ុយក្រែនមានការបំពាក់ដោយអាវុធទំនើបពីក្រុមអង្គការ ណាតូនៃប្រទេសលោកខាងលិចក៏ដោយ។
លោក Yevgeny Prigozhin បានប្រែក្លាយពេលវេលានៃជ័យជំនះនោះទៅជាឱកាសដោយ ប៉ុន្មានថ្ងៃក្រោយពីនោះ លោកបាននិយាយចោទប្រកាន់មេដឹកនាំកំពូលក្រសួងការពារជាតិ រុស្ស៊ីថា ជាអ្នកទទួលខុសត្រូវចំពោះភាពបរាជ័យក្នុងប្រទេសអ៊ុយក្រែន។
ជម្លោះរបស់លោក Yevgeny Prigozhin ជាមួយជួរមន្ត្រីជាន់ខ្ពស់របស់ក្រសួងការពារជាតិ បាន ឈានដល់កម្រិតថ្មីកាលពីថ្ងៃសៅរ៍ទី២៤មិថុនា នៅពេលដែលមេដឹកនាំក្រុម Wagner នោះ បានដឹកនាំយុទ្ធជនរបស់គាត់បានឆ្លងពីប្រទេសអ៊ុយក្រែនចូលទៅកាន់ទីក្រុងជាប់ព្រំដែន នៃទឹកដីរុស្ស៊ី គឺក្រុង Rostov-on-Don និងក្រុមទាហានស៊ីឈ្នួលទាំងនោះ ថែមទាំងបានប្រកាសថា អ្នកណាដែលព្យាយាមចង់បញ្ឈប់និងរារាំងដំណើររបស់ពួកគេនោះ នឹងត្រូវគេបោស សំអាតកម្ទេចចោលវិញ។
ក្រុម Wagner បានបង្ហាញនូវបំណងចង់ធ្វើដំណើរពីតំបន់ព្រំដែន ចូលមកក្នុងរដ្ឋធានីម៉ូស្គូ។
លោក Prigozhin បាននិយាយនៅក្នុងឃ្លីបវីដេអូមួយដែលបានចេញផ្សាយនៅលើបណ្តាញ សង្គម Telegram កាលពីថ្ងៃសុក្រសប្តាហ៍មុនបញ្ជាក់ថា ក្រសួងការពារជាតិរុស្ស៊ី កំពុងព្យា យាមបោកបញ្ឆោតសង្គមរុស្ស៊ីនិងលោកប្រធានាធិបតី និងថាពួកគេបានប្រាប់ក្រុម Wagner នូវអំពើឈ្លានពានដ៏លាមកពីប្រទេសអ៊ុយក្រែន និងថាអង្គការណាតូក៏មានគម្រោង វាយ ប្រហារដាក់មកលើក្រុមទាហាន Wagnerថែមទៀត។
អំពើញុះញង់របស់ក្រុមទាហាន Wagner បានធ្វើឡើងនៅមួយថ្ងៃបន្ទាប់ពីលោក Prigozhin បានចោទប្រកាន់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoiguថាបានបញ្ជាឱ្យមានការវាយ ប្រហារដោយគ្រាប់រ៉ុក្កែតដាក់លើជំរំបន្ទាយទ័ពរបស់ក្រុម Wagner ក្នុងប្រទេសអ៊ុយក្រែន និង ថាការវាយប្រហារនោះបានសម្លាប់ទាហានក្រុមស៊ីឈ្នួលអស់ជាច្រើននាក់។
លោក Prigozhin ត្រូវគេរាយការណ៍ថា គំរោងការណ៍របស់លោកគឺចង់បណ្តេញជួរដឹកនាំយោ ធារុស្ស៊ីក្នុងក្រសួងការពារជាតិ។ ក្នុងពេលដែលបានចូលកាន់កាប់ក្រុង Rostov-on-Don នាតំបន់ព្រំដែននោះ, មេបញ្ជាការទាហាន Wagner រូបនោះបាននិយាយទៀតថា លោកនឹង ដឹកនាំទាហាន២ម៉ឺន៥ពាន់នាក់ សម្តៅមកកាន់ក្រុងម៉ូស្គូដើម្បីស្វែងរកយុត្តិធម៌ដល់ក្រុមរបស់លោក ដែលទង្វើនោះហើយ ត្រូវបានមេដឹកនាំរុស្ស៊ីប្រញាប់ចាត់វិធានការទប់ទល់វិញ។
ថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ជាបន្ទាន់មួយ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានហៅសកម្មភាពរបស់ក្រុមទាហានស៊ីឈ្នួល Wagner នោះថាជា «អំពើបះបោរដោយប្រដាប់អាវុធ» និងជាអំពើក្បត់ជាតិ។ លោកពូទីនបានព្រមានថាអ្នកណាក៏ដោយដែលបាន កាន់អាវុធប្រឆាំងនឹងយោធារុស្ស៊ី អ្នកនោះនឹងត្រូវទទួលទោស។
តើលោក Prigozhin មានប្រវត្តិរបស់ខ្លួនយ៉ាងណាខ្លះ?
លោក Prigozhin កាលពីអតីតកាលក្នុងឆ្នាំ១៩៨១ ត្រូវបានតុលាការរុស្ស៊ីកាត់ទោសពីបទប្លន់ និង រំលោភ ហើយត្រូវបានដាក់ទោសឱ្យជាប់គុក ១២ឆ្នាំ។ កាលនោះលោកទើបមានអាយុ១៨ឆ្នាំ ទេ។ បន្ទាប់ពីបានរួចចេញពីគុក, គាត់បានបើកអាជីវកម្មលក់ Hot Dog និងក្រោយមកទៀតបានបើកហាងស្រា និងបង្កើតជាភោជនីយដ្ឋានមួយស្ថិតក្នុងក្រុង Saint Petersburg ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ។ ក្នុងស្ថានភាពរកស៊ីនៅទីនោះហើយ, លោក Prigozhin បានស្គាល់លោក ពូទីន ដែលពេលនោះ លោក ពូទីន គឺជាអភិបាលរងក្រុង Saint Petersburg ។ តាមពិតក្រុង Saint Petersburg គឺជាទីក្រុងកំណើតរបស់លោកពូទីន និងរបស់ លោក Prigozhin ផងដែរ។
លោក Prigozhin បានប្រើប្រាស់ទំនាក់ទំនងនោះ ក្នុងការជួយអភិវឌ្ឍការរកស៊ីរបស់លោក និងតាមរយៈនោះ លោកបានឈ្នះលើកុងត្រាសន្យារបស់រដ្ឋាភិបាលរុស្ស៊ីដែលលោកទទួល បានរហស្សនាមថា «ចុងភៅរបស់លោកពូទីន»។
លោក Prigozhin ក្រោយមកគាត់បាន ពង្រីកការរកស៊ីរបស់លោកទៅកាន់ផ្នែកផ្សេងទៀត រួមទាំងប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញអ៊ីនធឺណេតដ៏អាស្រូវមួយឈ្មោះ "troll factory" ដែល នាំឱ្យមានការចោទប្រកាន់ពីសហរដ្ឋអាមេរិក ពីបទជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានា ធិបតីអាមេរិកឆ្នាំ២០១៦ ។
ក្រុមលោក Prigozhin ត្រូវបានបង្កើតជាលើកដំបូងក្នុងខែឧសភាឆ្នាំ២០១៤ ដែលគ្រានោះរុស្ស៊ី បានកាត់យកតំបន់គ្រីមៀរជាតំបន់រណប។ លោក Prigozhin បានមើលឃើញនូវឳកាសកាន់ តែពង្រីកនូវជំនួញបន្ថែមទៀតរបស់ខ្លួន។
លោកពូទីន បានបដិសេធមិនឱ្យមានកម្លាំងទាហានរុស្ស៊ីនៃក្រសួងការពារជាតិធ្វើសកម្មភាព ដោយផ្ទាល់នៅក្នុងតំបន់រណបនោះឡើយ ក្នុងមូលហេតុនេះហើយ ទើបវិមានក្រឹមឡាំង បានគិតពីរបៀបប្រើប្រាស់វិធីថ្មី ដែលវិធីនោះ បានជម្រុញឱ្យមានការកើតឡើងក្រុមទាហាន ស៊ីឈ្នួលនានារួមទាំងក្រុម Wagner ដើម្បីអាចធ្វើកិច្ចការទាំងនោះជំនួសទាហានរដ្ឋាភិបាល។ ទាហានឯកជនជាច្រើនក្រុមត្រូវគេឃើញថាបានកើតឡើងដោយពួកគេមានកិច្ចសម្រប សម្រួលក្នុងការធ្វើសកម្មភាពជាមួយនឹងក្រសួងការពារជាតិ។
ក្រុម Wagner ពេលនោះបាន ក្លាយជាក្រុមដែលមាន ឈ្មោះល្បីល្បាញក្នុងចំណោមក្រុមទាហានស៊ីឈ្នួលឯកជនទាំង នោះ។ ក្នុងឆ្នាំ២០១៥, ក្រុម Wagner បានទទួលកុងត្រាដែលមានតម្លៃ១ពាន់លានដុល្លារ។ ការលេចខ្ពស់របស់ក្រុមទាហានស៊ីឈ្នួល Wagner នោះ ត្រូវគេរាយការណ៍ថា បានធ្វើឱ្យមាន ការខឹងសម្បារខ្លះពីក្រុមនាយទាហានរុស្ស៊ីក្នុងក្រសួងការពារជាតិ។ នៅក្នុងឆ្នាំ២០១៨, សកម្ម ភាពរបស់ក្រុមទាហាន ឯកជន Wagner នេះត្រូវគេឃើញដាក់ពង្រាយនៅក្នុងប្រទេសយ៉ាង ហោចចំនួន១០ក្នុងទ្វីប អាហ្វ្រិកដែលបានជួយផ្តល់ការហ្វឹកហ្វឺនកម្លាំងនិងការរក្សាសន្តិសុខ ក្នុងបណ្តាប្រទេសទាំងនោះផងដែរ និងជាឳកាសនៃការធ្វើជំនួញរ៉ែក្នុងបណ្តាប្រទេសអាហ្វ្រិក ទាំងនោះថែមទៀត។ បើទោះបីជាលោក Prigozhin គ្មានតួនាទីណាមួយក្នុងក្រសួងការពារ ជាតិរបស់រុស្ស៊ីនោះក្តី ក៏លោកតែងមានវត្តមានក្នុងកិច្ចប្រជុំជាន់ខ្ពស់ផ្នែកកិច្ចសន្យាយោធា។
លោកត្រូវគេឃើញថា គឺជាឧបករណ៍ប្រើប្រាស់របស់លោកពូទីនសម្រាប់ការធ្វើអន្តរាគមន៍ រឿងនានានៅក្រៅប្រទេស បើទោះបីជាវិមានក្រឹមឡាំងតែងបដិសេធមិនជាប់ពាក់ព័ន្ធយ៉ាងណាក៏ដោយ។ នៅក្នុងខែកញ្ញាឆ្នាំ ២០២២ ក្រោយពេលដែលរុស្ស៊ីបានប្រកាសកាត់ផ្តាច់ទឹកដី២០ ភាគរយនៃភាគ ខាងកើតអ៊ុយក្រែនធ្វើជាតំបន់រណប, សកម្មភាពរបស់ក្រុម Wagner ត្រូវគេឃើញបានលេច ឡើងក្នុងតំបន់ដុនបាស។
លោក Prigozhin បាននិយាយក្នុងពេលនោះថាលោកមានមនុស្សក្នុងដៃពេលនោះចំនួន៥ម៉ឺននាក់ "នៅ ក្នុងពេលវេលាដ៏ល្អបំផុត"សម្រាប់ជួយរដ្ឋាភិបាលរុស្ស៊ីក្នុងការប្រយុទ្ធលើសមរភូមិ។ លោកថ្លែងថាជាមួយនឹងមនុស្សទាំង ៥ម៉ឺននាក់នោះ ក៏មានចំនួន៣ម៉ឺន៥ពាន់នាក់ដែលស្ថិត នៅសមរភូមិមុខគ្រប់ពេលវេលា។ ប្រធានក្រុម Wagner មិនបាននិយាយថាតើចំនួនទាំងនេះ រួម បញ្ចូលទាំងទណ្ឌិតនោះទេ ប៉ុន្តែលោក ត្រូវបានគេដឹងថាលោក បានធ្វើដំណើរ ទៅ កាន់ ពន្ធនាគាររុស្ស៊ីដើម្បីជ្រើសរើសអ្នកប្រយុទ្ធដោយសន្យាថា នឹងលើកលែងទោសដល់ពួក គេប្រ សិនបើពួកគេរួចរស់ជីវិតពី ការជួយប្រយុទ្ធក្នុងសមរភូមិជួរមុខរយៈពេលកន្លះឆ្នាំ ជាមួយ ក្រុម ទាហានស៊ីឈ្នួល Wagner។
ហេតុអ្វីបានជាលោក Prigozhin មានភាពល្បីល្បាញ?
លោក Prigozhin ជាមនុស្សមានស្លាកស្នាមនៅលើមុខ។ លោកជាមនុស្សដែលតែងកោរសក់ និងមានធ្មេញប្រឡាក់ដោយថ្នាំជក់ ប៉ុន្តែលោកត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយ ដូច ជាវាក្យសព្ទរបស់គាត់ដែលពោរពេញទៅដោយពាក្យសំបថ។
ការស្ទង់មតិបានបង្ហាញថា លោក Prigozhin បានក្លាយជាឥស្សរជនទី៥ ដែលគេស្គាល់ច្រើន ជាងគេនៅរុស្ស៊ី ក្នុងនោះគឺបន្ទាប់ពីលោកពូទីន, លោកនាយករដ្ឋមន្រ្តី Mikhail Mishustin, រដ្ឋ មន្ត្រីការបរទេសលោក Sergey Lavrov និងរដ្ឋមន្ត្រីការពារជាតិ Sergei Shoigu ។
លោក Prigozhin បានបង្ហាញខ្លួន ថា ជាមនុស្សគាំទ្រនូវទ្រឹស្តីរបស់អតិតមេដឹកនាំកំពូលរុស្ស៊ីលោក Stalin និងថាលោកចង់ឈ្នះលើសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនដោយមិនខ្វល់ ថានឹងមានអ្វីកើតឡើងនោះឡើយ។
លោក Prigozhin បាននិយាយកាលពីខែឧសភាកន្លងមកនេះថា "សមមិត្តស្តាលីនពិតជាត្រឹមត្រូវ" ដែលសំដីនោះពាក់ព័ន្ធអំពីការកាត់ទោសប្រហារជីវិតសម្រាប់ទាហាននិងមន្រ្តីណាដែល "បរាជ័យ" ធ្វើឱ្យសង្គ្រាមធ្លាក់ទន់ខ្សោយ។
លោក Prigozhin បាននិយាយផងដែរថាបន្ទាប់ពីបាត់បង់ទាហានស៊ីឈ្នួលរាប់ម៉ឺននាក់នៅ ភាគខាងកើតអ៊ុយក្រែន, ក្រុម Wagner របស់លោកនឹងត្រូវជ្រើសរើសមនុស្សបន្ថែមទៀត ហើយនឹងធ្វើឱ្យពួកគេ "ក្លាយជាកងកម្លាំងដែលមានមនោគមវិជ្ជា" ។
ក្រោយមានចំណាត់ការព្រមានដាក់ទោសរបស់លោកពូទីននោះមក, មេបញ្ជាការក្រុម Wagner បានបញ្ជាឱ្យមនុស្សរបស់ខ្លួនទាំងអស់ត្រូវបញ្ឈប់ការធ្វើដំណើរចូលទៅកាន់ក្រុងម៉ូស្គូ និងពួកគេបានវិលត្រឡប់ទៅកាន់សមរភូមិលើទឹកដីអ៊ុយក្រែនវិញ។ ដើម្បីបញ្ចៀសនូវ ហេតុការណ៍បះបោរផ្តួលរំលំនេះ, កិច្ចព្រមព្រៀងមួយ រវាង លោក Prigozhin ជាមួយនឹង មេដឹកនាំប្រទេសបេឡារុស លោក Aleksander Lukashenko ត្រូវបានធ្វើឡើង។ កិច្ចព្រមព្រៀងនោះ បានអនុញ្ញាតឱ្យលោក Prigozhin និងក្រុម Wagner នឹងរស់នៅក្នុងប្រទេសបេ ឡារុស និងរុស្ស៊ីបានយល់ព្រមការទម្លាក់ចោលបទចោទប្រកាន់ទោស បះបោរនិងក្បត់ ជាតិ ទាំងនោះចោល។ មន្ត្រីនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានថ្លែងថាក្រុម ទាហាន Wagner ទាំងអស់ដែលចង់ធ្វើដំណើរមកកាន់ក្រុមម៉ូស្គូនោះ នឹងមិនប្រឈម ទោសតាមច្បាប់ឡើយ និងក្រុមអ្នកប្រយុទ្ធ Wagnerទាំងអស់់នឹងត្រូវចុះកុងត្រារបស់ខ្លួនជា មួយនឹងក្រសួងការពារជាតិរបស់រុស្ស៊ី៕