(លុចសំបួ)៖ នៅថ្ងៃចន្ទនេះ ក្រុមរដ្ឋមន្រ្តីការបរទេសនៃសហភាពអឺរ៉ុប (EU) បានព្រមព្រៀងគ្នាជុំវិញការបន្ថែមថវិកាចំនួន៣.៥ពាន់លានអឺរ៉ូ (៣.៨១ពាន់លានដុល្លារអាមេរិក) ទៅក្នុងមូលនិធិជំនួយយោធាមួយ ដែលត្រូវបានប្រើប្រាស់សម្រាប់ការទិញសព្វាវុធផ្សេងៗ និងគ្រាប់រំសេវឱ្យអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣។

ការឯកភាពគ្នាខាងលើត្រូវបានធ្វើឡើង កំលុងកិច្ចប្រជុំរវាងក្រុមរដ្ឋមន្រ្តីការបរទេស EU នៅឯប្រទេសលុចសំបួ បន្ទាប់ពីលោក ចូសេព បូរែល (Josep Borrell) ដែលជាប្រមុខគោលនយោបាយការបរទេស EU បានស្នើឱ្យមានការបន្ថែមថវិកាក្នុងចំនួនដូចខាងលើនេះ កាលពីខែឧសភាកន្លងទៅ។

កញ្ចប់មូលនិធិ EPF ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១ ក្រោមគោលដៅសម្រាប់ឱ្យ EU ជួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ទិញសព្វាវុធ។ យ៉ាងណាមិញ ប្លុកដែលមានសមាជិក ២៧ប្រទេសមួយនេះ បានសម្រេចចិត្តភ្លាមៗដើម្បីប្រើប្រាស់វាផងដែរ ក្នុងការផ្តល់សព្វាវុធឱ្យទៅ​អ៊ុយក្រែន បន្ទាប់ពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ីបានផ្ទុះឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២២។

ប្រការនេះមានន័យថា មូលនិធិ EPF បានថយចុះថវិកាឆាប់រហ័សជាងការរំពឹងទុក។ ពីដំបូងឡើយ វាមានថវិកាសរុបត្រឹម៥ពាន់លានអឺរ៉ូ ដែលត្រូវទុកប្រើរហូតដល់ឆ្នាំ២០២៧។ កន្លងមក EU ក៏ធ្លាប់បន្ថែមថវិកា២ពាន់លានអឺរ៉ូម្តងរួចមកហើយ ទៅក្នុងមូលនិធិ EPF កាលពីចុងឆ្នាំមុន​ផងដែរ។ មកទល់ពេលនេះ ថវិកាប្រមាណជា៥.៦ពាន់លានអឺរ៉ូរបស់ EPF ត្រូវបានយកទៅប្រើសម្រាប់ជំនួយយោធារបស់អ៊ុយក្រែន។

គួរបញ្ជាក់ថា មូលនិធិ EPF អនុញ្ញាតឱ្យប្រទេសជាសមាជិក EU ដែលផ្គត់ផ្គង់អាវុធនិងគ្រាប់រំសេវឱ្យទៅអ៊ុយក្រែន អាចទទួលបានថវិកា​មួយចំនួនត្រឡប់ទៅវិញ ខណៈក្រុមប្រទេស EU ចូលរួមចំណែកផ្តល់វិភាគទានទៅក្នុងមូលនិធិនេះ ដោយអាស្រ័យលើទំហំសេដ្ឋកិច្ចរបស់ពួកគេ៕