(គូឡាឡាំពួ)៖ ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៉ី លោក អាម៉ាត់ ហ្សាហ៉ីត ហាមីឌី (Ahmad Zahid Hamidi) បាននិយាយនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលម៉ាឡេស៉ីបានត្រៀមខ្លួនដើម្បីនាំយកពលរដ្ឋរបស់ខ្លួនចំនួន ៧៥៥នាក់ ពីប្រទេសរុស្ស៉ីត្រឡប់មកវិញ ប្រសិនបើសុវត្ថិភាពរបស់ពួកគេរងការគំរាមកំហែង។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣។

លោក ហាមីឌី បាននិយាយក្នុងសន្និសីទកាសែតមួយ បន្ទាប់ពីបើកសម្ពោធការិយាល័យសហព័ន្ធស៉ើបអង្កេតជាតិថា រដ្ឋាភិបាលតាមរយៈក្រសួងការបរទេស បានរៀបចំផែនការរួចហើយដើម្បីនាំយកពលរដ្ឋម៉ាឡេស៉ី ចេញពីប្រទេសរុស្ស៉ីគ្រប់ពេលវេលា ប្រសិនបើចាំបាច់។ រដ្ឋាភិបាលកំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តនៃភាពតានតឹង ជាពិសេសនៅទីក្រុងមូស្គូ។

លោក ហាមីឌី បានបន្ថែមថា រដ្ឋមន្ត្រីការបរទេសលោកវេជ្ជបណ្ឌិត លោក ហ្ស៉ាំប្រ៊ី អាប់ឌុល កាឌៀ (Zambry Abdul Kadir) ក៏បានធ្វើរបាយការណ៍ជូនលោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៉ីប្រាហ៉ីម (Anwar Ibrahim) និងប្រាប់ទៅកាន់រូបលោកផ្ទាល់ ដូច្នេះពួកយើងកំពុងតាមដានស្ថានភាពនៅទីនោះ។

គួរបញ្ជាក់ថា នៅក្នុងសេចក្តីណែនាំមួយកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ស្ថានទូតម៉ាឡេស៉ីប្រចាំនៅរុស្ស៉ី បានជំរុញដល់ប្រជាជនម៉ាឡេស៊ីទាំងអស់ ជាពិសេសនិស្សិតនៅទីក្រុងមូស្គូ សាំងផេតធឺប៊ឺគ វ៉ុលហ្គោក្រាដ ឲ្យរក្សាការប្រុងប្រយ័ត្ន និងកំណត់សកម្មភាពនៅខាងក្រៅ ក៏ដូចជាជៀសវាងស្ថិតនៅតំបន់ដែលមានមនុស្សច្រើន។ ប៉ុន្តែការបះបោររយៈពេលខ្លីបានបញ្ចប់ទៅវិញ បន្ទាប់ពីថៅកែទាហានស៊ីឈ្នួល Wagner បានឈានដល់កិច្ចព្រមព្រៀងជាមួយវិមានក្រឹមឡាំង ហើយយល់ព្រមនិរទេសខ្លួនទៅកាន់បេឡារុស៕