(ព្រុចសែល)៖ អគ្គលេខាធិការអង្គការណាតូ (NATO) លោក ជែន ស្តូលថិនបឺគ (Jens Stoltenberg) បាននិយាយនាថ្ងៃចន្ទនេះថា សកម្មភាពបះបោរប្រដាប់អាវុធ ដែលក្រោយមកត្រូវបោះបង់ចោលវិញ របស់ក្រុមទាហានស៉ីឈ្នួល Wagner នៅប្រទេសរុស្ស៉ីបង្ហាញថា ទីក្រុងមូស្គូបានប្រព្រឹត្តកំហុសឆ្គងផ្នែកយុទ្ធសាស្រ្តដ៏ធំមួយ តាមរយៈការសម្រេចចិត្តបង្កសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន កំលុងទស្សនកិច្ចនៅទីក្រុងវីលនីញូសនៃប្រទេសលីទុយអានី លោកប្រមុខអង្គការ NATO បានលើកឡើងថា «ព្រឹត្តិការណ៍ដែលបានកើតឡើង កាលពីកំលុងចុងសប្តាហ៍កន្លងទៅនេះ គឺជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសរុស្ស៉ី ហើយជាការស្តែងឱ្យឃើញថ្មីមួយទៀត អំពីកំហុសផ្នែកយុទ្ធសាស្រ្តដ៏ធំ ដែលលោក វ៉ា្លឌីមៀ ពូទីន បានប្រព្រឹត្ត តាមរយៈការក្រសោបយកតំបន់ឧបទ្វីបគ្រីមៀដោយខុសច្បាប់ និងការបង្កសង្រ្គាមឈ្លានពានប្រឆាំងលើអ៊ុយក្រែន»។ ទន្ទឹមគ្នានោះ លោក ស្តូលថិនបឺគ ក៏បានបន្ថែមផងដែរថា ខណៈដែលរុស្ស៉ីនៅបន្តសង្រ្គាមរបស់ខ្លួន វាកាន់តែជារឿងសំខាន់ខ្លាំងថែមទៀត ក្នុងការបន្តផ្តល់ការគាំទ្រដល់អ៊ុយក្រែន។
គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រុមបះបោរដែលដឹកនាំដោយថៅកែក្រុម Wagner គឺលោក យេវហ្កេនីន ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) បាននាំគ្នាធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានីមូស្គូ ដើម្បីផ្តួលរំលំនូវអ្វីដែលពួកគេហៅថាជា ថ្នាក់ដឹកនាំដែលពុករលួយនិងអសមត្ថភាពនៃយោធារបស់ប្រទេសរុស្ស៉ី។ ប៉ុន្តែនៅពាក់កណ្តាលទី លោក ព្រីហ្គោហ្ស៉ីន ក៏បានបញ្ជាឱ្យកងកម្លាំង Wagner ដកថយទៅកាន់តំបន់មួយនៅភាគខាងកើតអ៊ុយក្រែន ដែលស្ថិតក្រោមការត្រួតត្រារបស់រុស្ស៉ីវិញ បន្ទាប់ពីសម្រេចបានកិច្ចព្រមព្រៀងជាមួយវិមានក្រឹមឡាំង ក្រោមការជួយសម្រុះសម្រួលពីប្រធានាធិបតីបេឡារុស។
នៅក្នុងកិច្ចព្រមព្រៀងខាងលើ រួមមានការផ្តល់ការលើកលែងដាក់ទោសទណ្ឌ ចំពោះក្រុមអ្នកបះបោរ ដែលបានវិលត្រឡប់ចូលទៅកាន់មូលដ្ឋានពួកគេវិញ ហើយតម្រូវឱ្យលោក ព្រីហ្គោហ្ស៉ីន ត្រូវរស់នៅនិរទេសខ្លួននៅបេឡារុស ប៉ុន្តែវានៅតែមិនទាន់ច្បាស់នៅឡើយទេថា តើប្រធានាធីបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានយល់ព្រមធ្វើការរុះរើថ្នាក់ដឹកនាំកំពូលរបស់យោធា ឬក៏ធ្វើសម្បទានណាមួយដែរឬអត់៕