(កៀវ)៖ អនុរដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោកស្រី ហានណា ម៉ាលយ៉ា (Hanna Maliar) បាននិយាយនៅថ្ងៃចន្ទនេះថា អ៊ុយក្រែន​​បានបន្តដណ្តើមទឹកដីមកវិញពីកងកម្លាំងរុស្ស៉ី នៅតាមខ្សែបន្ទាត់សមរភូមិជួរមុខ នៅភាគខាងត្បូងប្រទេស ក៏ប៉ុន្តែស្ថានការណ៍នៅទីនោះ មានការប្រែប្រួលតិចតួចប៉ុណ្ណោះ កំលុង១សប្តាហ៍ចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣។

លោកស្រី ម៉ាលយ៉ា បានលើកឡើងថា គិតតាំងពីអ៊ុយក្រែនបានចាប់ផ្តើមប្រតិបត្តិការវាយបករបស់ខ្លួនមក កងកម្លាំងទីក្រុងកៀវរំដោះបាន​ទឹកដីសរុបទំហំប្រមាណ ១៣០គីឡូម៉ែត្រក្រឡា នៅភាគខាងត្បូងប្រទេស ខណៈកាលពីមួយសប្តាហ៍មុន លោកស្រីអនុរដ្ឋមន្រ្តីការពារជាតិ​អ៊ុយក្រែន បាននិយាយថា ទឹកដីទំហំ១១៣គីឡូម៉ែត្រក្រឡា ត្រូវបានវាយរំដោះបាន ក្នុងកំលុងពេល២សប្តាហ៍មុននោះ។ លោកស្រី ម៉ាលយ៉ា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយជាតិយ៉ាងដូច្នេះថា «ស្ថានការណ៍នៅភាគខាងត្បូង មានការប្រែប្រួលតិចតួចប៉ុណ្ណោះ ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ»

ដោយឡែក អនុប្រមុខការពារជាតិអ៊ុយក្រែនរូបនេះ ក៏បានបន្ថែមទៀតថា កងកម្លាំងអ៊ុយក្រែន ទើបតែបានចាប់ផ្តើមផ្តោតសកម្មភាពវាយបកនៅ​ភាគខាងកើតប្រទេស កាលពីចុងសប្តាហ៍មុនប៉ុណ្ណោះ និងដណ្តើមបានទឹកដី១-២គីឡូម៉ែត្រ នៅតាមតំបន់មួយចំនួន ហើយការប្រយុទ្ធគ្នាខ្លាំងក្លាកំពុងតែបន្តនៅទីនោះ៕