(មូស្គូ)៖ ទីភ្នាក់ងារព័ត៌មាន RIA បានរាយការណ៍នៅថ្ងៃចន្ទនេះថា រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សូយហ្គូ (Sergei Shoigu) បានបំពេញទស្សនកិច្ចចុះជួបកងទ័ពរុស្ស៉ី ដែលជាប់ពាក់ព័ន្ធក្នុងសង្រ្គាមនៅអ៊ុយក្រែន ក្នុងការបង្ហាញវត្តមានជាសាធារណៈលើកដំបូងរបស់លោក បន្ទាប់ពីសកម្មភាពបះបោរ ដែលត្រូវបានបោះបង់ចោលវិញ ដោយក្រុមទាហានស៉ីឈ្នួលរុស្ស៉ី Wagner កាលពីចុងសប្តាហ៍កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣។
នៅក្នុងសេចក្តីរាយការណ៍របស់ខ្លួន ដែលផ្អែកតាមប្រភពពីក្រសួងការពារជាតិរុស្ស៉ី ទីភ្នាក់ងារព័ត៌មានរុស្ស៉ី RIA បានបង្ហាញយ៉ាងច្បាស់ថា លោក សូយហ្គូ នៅតែបន្តមានតួនាទីជា ប្រមុខការពារជាតិនៃប្រទេសរុស្ស៉ីដដែល ប៉ុន្តែ RIA មិនបានផ្តល់ព័ត៌មានលម្អិតស្តីពីពេលវេលាក៏ដូចជាទីកន្លែង ដែលលោកបានជួបជាមួយពលទាហាន ព្រមទាំងក្រុមមេបញ្ជាការ នៃបញ្ជាការដ្ឋានយោធភូមិភាគខាងលិចរបស់រុស្ស៉ីឡើយ។
គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រុមបះបោរដែលដឹកនាំដោយថៅកែក្រុម Wagner គឺលោក យេវហ្កេនីន ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) បាននាំគ្នាធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានីមូស្គូ ដើម្បីផ្តួលរំលំនូវអ្វីដែលពួកគេហៅថាជា ថ្នាក់ដឹកនាំដែលពុករលួយនិងអសមត្ថភាពនៃយោធារបស់ប្រទេសរុស្ស៉ី។ ប៉ុន្តែនៅពាក់កណ្តាលទី លោក ព្រីហ្គោហ្ស៉ីន ក៏បានបញ្ជាឱ្យកងកម្លាំង Wagner ដកថយទៅកាន់តំបន់មួយនៅភាគខាងកើតអ៊ុយក្រែន ដែលស្ថិតក្រោមការត្រួតត្រារបស់រុស្ស៉ីវិញ បន្ទាប់ពីសម្រេចបានកិច្ចព្រមព្រៀងជាមួយវិមានក្រឹមឡាំង ក្រោមការជួយសម្រុះសម្រួលពីប្រធានាធិបតីបេឡារុស។
នៅក្នុងកិច្ចព្រមព្រៀងខាងលើ រួមមានការផ្តល់ការលើកលែងដាក់ទោសទណ្ឌ ចំពោះក្រុមអ្នកបះបោរ ដែលបានវិលត្រឡប់ចូលទៅកាន់មូលដ្ឋានរបស់ពួកគេវិញ ប៉ុន្តែវានៅតែមិនទាន់ច្បាស់នៅឡើយទេថា តើប្រធានាធីបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានយល់ព្រមធ្វើការរុះរើថ្នាក់ដឹកនាំកំពូលរបស់យោធា ឬក៏ធ្វើសម្បទានណាមួយដែរឬអត់៕