(ឡុងដ៍)៖ ក្រសួងការពារជាតិអង់គ្លេស នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ មានប្រជាជនអ៊ុយក្រែនដែលចូលបម្រើទ័ពជាង ១៧,០០០នាក់ហើយ ដែលបានទទួលការបណ្តុះបណ្តាលពីចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តផ្សេងទៀត ដើម្បីជួយទីក្រុងកៀវប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ រុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣។
កាលពីខែមិថុនា ឆ្នាំ២០២២ ចក្រភពអង់គ្លេស និងប្រទេសជាដៃគូចំនួន ៩ ដូចជាកាណាដា អូស្ត្រាលី នូវែលសេឡង់ ន័រវែស ហ្វាំងឡង់ ស៊ុយអែត ដាណឺម៉ាក លីទុយអានី និងហូឡង់ បានរៀបចំគំនិតផ្តួចផ្តើមរើសអ្នកស្ម័គ្រចិត្ត ឲ្យមកចូលរួមក្នុងកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ ដោយឆ្លងកាត់កម្មវិធីហ្វឹកហ្វឺនយ៉ាងខ្លាំងក្លា រយៈពេល ៥សប្តាហ៍ ក្រសួងការពារជាតិអង់គ្លេសថាបានផ្លាស់ប្តូរពួកគេ ពីជនស៊ីវិលធម្មតាឲ្យក្លាយទៅជាទាហាន។ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក ប៊ែន វ៉ាឡេស (Ben Wallace) បានគូសបញ្ជាក់ថា «ចក្រភពអង់គ្លេស រួមទាំងដៃគូអន្តរជាតិរបស់យើង នឹងបន្តជួយអ៊ុយក្រែនការពារប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី ដរាបណាពួកគេនៅតែត្រូវការ»។
គួរបញ្ជាក់ថា ដំបូងឡើយ ចក្រភពអង់គ្លេសបានផ្តល់ការបណ្តុះបណ្តាលនូវជំនាញប្រយុទ្ធក្នុងសមរភូមិ ដល់ទាហានអ៊ុយក្រែនរហូតដល់ ១០,០០០នាក់ ដោយផ្អែក លើការបណ្តុះបណ្តាលពីនាយទាហានសកម្មរបស់ខ្លួន។ ឥឡូវ កម្មវិធីនេះត្រូវបានពង្រីក និងកំពុងស្ថិតក្នុងដំណើរការជ្រើសរើសអ្នកស្ម័គ្រចិត្តចំនួន ៣០,០០០នាក់ បន្ថែមទៀត មកបណ្តុះបណ្តាលនៅឆ្នាំ២០២៤៕