(ដាម៉ាស)៖ អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានឲ្យដឹងថា ការវាយប្រហារតាមអាកាសរបស់រុស្ស៉ីបានសម្លាប់មនុស្សចំនួន ១៣នាក់នៅភាគពាយព្យប្រទេសស៉ីរី ដែល គ្រប់គ្រងដោយក្រុមឧទ្ទាម កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ដែលជាការវាយប្រហារសម្លាប់មនុស្សច្រើនបំផុតក្នុងឆ្នាំ២០២៣។ នេះបើយោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣។

យ៉ាងហោចណាស់ជនស៊ីវិល ៩នាក់ ដែលមានកុមារ ២នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ ដែលភាគច្រើនត្រូវបានសម្លាប់នៅផ្សារបន្លែ និងផ្លែឈើ ក្នុងទីក្រុង ជីសរូស ស៊ូហ្គូរី (Jisr al-Shugur) នៃតំបន់អ៉ីដលីប (Idlib)។ លោក រ៉ាមី អាប់ដែល រ៉ាហ៍ម៉ាន់ (Rami Abdel Rahman) ប្រធានក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៉ីរី ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានគូសបញ្ជាក់ថា «នេះគឺជាការវាយប្រហារដ៏សាហាវបំផុតដោយរុស្ស៉ីនៅស៉ីរី ក្នុងឆ្នាំ២០២៣នេះ ហើយស្មើនឹង ការសម្លាប់រង្គាលមួយ»

ក្រសួងការពារជាតិស៉ីរី បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បានសហការ ជាមួយកងកម្លាំងអាកាសរុស្ស៉ី ដើម្បីសងសឹកចំពោះការវាយប្រហារក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដែលបានសម្លាប់ជនស៉ីវិលនៅក្នុងខេត្តហាម៉ា (Hama) និងឡាតាគៀ (Latakia)។ នេះគឺជាការឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះដ្រូនរបស់ក្រុមឧទ្ទាម កាលពីសប្តាហ៍មុនដែលបានសម្លាប់ជនស៊ីវិល ៤នាក់រួមទាំងកុមារ ២នាក់។

គួរបញ្ជាក់ថា សង្រ្គាមនៅស៉ីរីបានសម្លាប់មនុស្សជាងកន្លះលាននាក់ និងបង្ខំប្រជាជនប្រហែលពាក់កណ្តាលនៃប្រជាជនមុនសង្គ្រាម ចាកចេញពីផ្ទះសម្បែង របស់ពួកគេ។ ក្រោមការគាំទ្រពីរុស្ស៉ី និងអ៉ីរ៉ង់ រដ្ឋាភិបាលរបស់ប្រធានាធិបតី លោក បាសា អាល់អាសាដ (Bashar al-Assad) បានបើកការវាយប្រហារ ដណ្តើមយកទឹកដីជាច្រើនដែលបាត់បង់នៅដើមដំបូងនៃជម្លោះ ផ្តើមចេញពីការបង្រ្កាបការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងឆ្នាំ២០១១។ ប៉ុន្មានឆ្នាំមកនេះ រុស្ស៉ីបានធ្វើការបង្រ្កាប លើការប្រឆាំងប្រដាប់អាវុធចំពោះរបបដឹកនាំរបស់លោក អាសាដ នៅឯភាគពាយព្យនៃប្រទេសស៉ីរី៕