(ស៉ីដនី)៖ នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Anthony Albanese បាននិយាយនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលអូស្ត្រាលីនឹងផ្តល់កញ្ចប់ថវិកាថ្មីចំនួន ៧៣.៥លានដុល្លារ ដល់អ៊ុយក្រែន ដែលក្នុងនោះរួមមានទាំងយានយន្ដយោធា ៧០គ្រឿងផងដែរ ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣។
កញ្ចប់ថវិកានេះក៏នឹងរួមបញ្ចូលរថពាសដែក M113 ចំនួន ២៨គ្រឿង យានប្រតិបត្តិការពិសេសចំនួន ១៤គ្រឿង រថយន្តដឹកទំនិញធុនមធ្យមចំនួន ២៨គ្រឿង និងរ៉ឺម៉កសណ្តោងចំនួន ១៤គ្រឿង។ លោក Albanese បានគូសបញ្ជាក់ថា «អូស្ត្រាលី មិនងាករេពីការតាំងចិត្តរបស់យើង ដើម្បីថ្កោលទោសក៏ដូចជាប្រឆាំង ចំពោះសកម្មភាពរបស់រុស្ស៉ីឡើយ ហើយនឹងជួយអ៊ុយក្រែនឲ្យទទួលបានជ័យជម្នះ»។ សេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា ប្រទេសអូស្ត្រាលីក៏នឹងបន្តអនុគ្រោះ ពន្ធលើទំនិញនាំចូលពីអ៊ុយក្រែន សម្រាប់រយៈពេល ១២ខែបន្ថែមទៀត ដើម្បីគាំទ្រដល់ការងើបឡើងវិញ និងឱកាសធ្វើពាណិជ្ជកម្មរបស់ខ្លួន។
គួរបញ្ជាក់ថា ការប្តេជ្ញាចិត្តបន្ថែមនេះ បាននាំឲ្យការរួមចំណែកសរុបរបស់អូស្ត្រាលី ក្នុងការជួយអ៊ុយក្រែនកើនឡើងដល់ជាង ៥២៨លានដុល្លារអាមេរិក៕