(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានអះអាងពីជោគជ័យ ក្នុងការទប់ស្កាត់ការវាយប្រហារមួយរបស់អ៉ីរ៉ង់ ប្រឆាំងនឹងជនជាតិអ៉ីស្រាអែល នៅក្នុងប្រទេសស៊ីប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣។
សេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយការិយាល័យរបស់លោក Netanyahu មិនបានផ្ដល់ព័ត៌មានអ្វីលម្អិតនោះទេ។ ប៉ុន្តែគេហទំព័រព័ត៌មានអ៉ីស្រាអែល វ៉ាយណែត (Ynet) បានរាយការណ៍ថាការវាយប្រហារមួយត្រូវបានរៀបចំឡើង ដើម្បីប្រឆាំងនឹងជនជាតិអ៉ីស្រាអែល ដែលកំពុងរស់នៅក្នុងទីក្រុង លីម៉ាស់សូល (Limassol) នៃប្រទេសស៊ីប។ សេចក្ដីថ្លែងការណ៍ដដែល បានគូសបញ្ជាក់ដូច្នេះថា «អ៉ីស្រាអែលស្វាគមន៍ចំពោះការទប់ស្កាត់ ការវាយប្រហារភេរវកម្មរបស់អ៉ីរ៉ង់ប្រឆាំងនឹងជនជាតិអ៉ីស្រាអែល ក្នុងប្រទេសស៊ីប...ហើយយើងនឹងបន្តធ្វើសកម្មភាពដើម្បីបញ្ឈប់ទង្វើភេរវកម្មរបស់អ៉ីរ៉ង់ មិនថានៅទីណានោះទេ ក្នុងនោះរួមមានទាំងលើទឹកដីអ៉ីរ៉ង់ផងដែរ»។
គួរបញ្ជាក់ថា នៅពេលត្រូវបានសាកសួរពីសេចក្ដីថ្លែងការណ៍របស់ការិយាល័យលោក Netanyahu អ្នកនាំពាក្យរដ្ឋាភិបាលស៊ីប បានបញ្ជាក់ថាខាង រដ្ឋាភិបាលរបស់លោកមិនអាចធ្វើអត្ថាធិប្បាយអ្វីពាក់ព័ន្ធនឹងបញ្ហាសន្តិសុខជាតិនោះទេ។ កាលពីឆ្នាំ២០២១ អ៉ីស្រាអែលក៏ធ្លាប់បានចោទប្រកាន់អ៉ីរ៉ង់ដែរថា បានរៀបចំផែនការវាយប្រហារប្រឆាំងនឹងជនជាតិអ៉ីស្រាអែល រស់នៅក្នុងប្រទេសស៊ីប បន្ទាប់ពីប៉ូលិសស៊ីបបាននិយាយថាជនប្រដាប់អាវុធម្នាក់ ត្រូវបានឃាត់ខ្លួន។ តែអ៉ីរ៉ង់បានច្រានចោលការចោទប្រកាន់បែបនេះ៕