(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងរដ្ឋមន្ត្រីការពារជាតិរបស់លោក បានបើកកិច្ចសន្ទនាជាបន្តបន្ទាប់ជាមួយ សម្ព័ន្ធមិត្តរបស់ទីក្រុងកៀវ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ដើម្បីពិភាក្សាពីកម្សោយរបស់លោក ពូទីន និងជំហានបន្ទាប់នៃប្រតិបត្តិការ វាយបករបស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣។

កិច្ចសន្ទនាតាមទូរស័ព្ទខាងលើ កើតមានឡើង បន្ទាប់ពីថៅកែទាហានស៊ីឈ្នួលរុស្ស៉ី Wagner លោក ព្រីហ្គោហ្ស៉ីន បានដឹកនាំការបះបោរប្រដាប់អាវុធ ដើម្បីទម្លាក់រដ្ឋមន្ត្រីការពារជាតិរុស្ស៉ីចេញពីតំណែង ដែលនេះបានបង្កឱ្យមានការសង្ស័យពីអំណាចរបស់លោក ពូទីន ខណៈអ៊ុយក្រែន កំពុងបើកប្រតិបត្តិការវាយបកលើកម្លាំងរុស្ស៉ី ក្នុងតំបន់ភាគខាងត្បូង និងខាងកើតនៃប្រទេសអ៊ុយក្រែន។ លោក ហ្សេលេនស្គីផ្ទាល់ បានគូសបញ្ជាក់ ដូច្នេះថា «យើងបានពិភាក្សាពីស្ថានការណ៍ដែលបានកើតឡើងក្នុងប្រទេសរុស្ស៉ី។ ពិភពលោកត្រូវតែដាក់សម្ពាធលើរុស្ស៉ី រហូត ទាល់តែសណ្ដាប់ធ្នាប់ អន្តរជាតិត្រូវបានស្ដារឡើងវិញ»

ចំណែក ខាងសេតវិមានក៏បានបញ្ជាក់ដែរថាលោក បៃដិន និងលោក ហ្សេលេនស្គី ពិតជាបានបើកកិច្ចពិភាក្សាពីប្រតិបត្តិការវាយបករបស់អ៊ុយក្រែន ហើយលោក បៃដិន បានបញ្ជាក់ឡើងវិញពីការគាំទ្រឥតងាករេរបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន។ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ លោក ព្រីហ្គោហ្ស៉ីន បាននិយាយថា ក្រុមអ្នកប្រយុទ្ធ Wagner ខ្ទង់២៥,០០០នាក់ បានឆ្លងពីអ៊ុយក្រែន ចូលក្នុងប្រទេសរុស្ស៉ី នៅឯទីក្រុងរ៉ូស្តូវ (Rostov) ភាគខាងត្បូង ដើម្បីឆ្ពោះទៅស្វែងរកយុត្តិធម៌នៅទីក្រុងមូស្គូ ក្រោយលោកចោទថារដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ បញ្ជាឱ្យបើក ការវាយប្រហារសម្លាប់ទាហានស៊ីឈ្នួលរបស់លោកក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្តែ លោក ព្រីហ្គោហ្ស៉ីន បានយល់ព្រមដកកងកម្លាំង ក្រោមកិច្ចចរចា សម្របសម្រួលពីលោក លូកាសិនកូ ក្រោយប្រធានាធិបតីបេឡារុសរូបនេះ បានបើកកិច្ចសន្ទនាជាមួយលោក ពូទីនផងដែរ។

បើតាមការិយាល័យប្រធានាធិបតីបេឡារុស លោក ព្រីហ្គោហ្ស៉ីន បានទទួលយកសំណើរបស់លោក លូកាសិនកូ និងយល់ព្រមបញ្ចប់សកម្មភាព បះបោររបស់ខ្លួន ជាមួយការផ្ដល់ជូននូវការធានាសន្តិសុខសម្រាប់ទាហាន Wagner រួមទាំងមេរបស់ពួកគេ។ វិមានក្រឹមឡាំង បានបញ្ជាក់ថា ការស៊ើបអង្កេតប្រឆាំងនឹងលោក ព្រីហ្គោហ្ស៉ីន ត្រូវបានទម្លាក់ចោល រីឯទាហានដែលចូលរួមក្នុងការបះបោរត្រូវបានលើកលែងទោស ហើយលោក ព្រីហ្គោហ្ស៉ីន នឹងត្រូវចាកចេញពីរុស្ស៉ីទៅកាន់បេឡារុស។

គួរបញ្ជាក់ថា ក្រៅពីលោក បៃដិន លោក ហ្សេលេនស្គី ក៏បានបើកកិច្ចសន្ទនាដាច់ដោយឡែក ជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក ឌ្រូដូ និងប្រធានាធិបតីប៉ូឡូញ លោក ឌូដា ផងដែរ៕