(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថាការបះបោររបស់ក្រុមទាហានស៊ីឈ្នួលរុស្ស៉ី Wagner ប្រឆាំងនឹង វិមានក្រឹមឡាំង បានបង្ហាញពី «ស្នាមប្រេះ» នៅក្នុងអំណាចដឹកនាំរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បើទោះជាការបះបោរនេះត្រូវបញ្ឈប់ទៅវិញ នៅកណ្ដាលទីក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣។

លោក Blinken ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Face the Nation របស់ទូរទស្សន៍អាមេរិក CBS កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ (ម៉ោងនៅវ៉ាស៊ីនតោន) និងបន្ទាប់ពីការបះបោរប្រដាប់អាវុធប្រឆាំងនឹងរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី ដឹកនាំដោយថៅកែទាហានស៊ីឈ្នួល Wagner លោក យេវហ្គេនី ព្រីហ្គោហ្ស៉ីន ត្រូវបានបញ្ឈប់ទៅវិញ ក្រោមការសម្របសម្រួលពីប្រធានាធិបតីបេឡារុស លោក លូកាសិនកូ។

នៅក្នុងបទសម្ភាសន៍នោះ លោក Blinken បានសង្កត់ធ្ងន់ថាការបះបោររបស់ទាហានស៊ីឈ្នួលរុស្ស៉ី គឺជាការគំរាមកំហែងដោយផ្ទាល់ដល់អំណាចដឹកនាំ របស់លោក ពូទីន ដែលនេះបានបង្កឱ្យមានភាពមិនច្បាស់លាស់ និងបង្ហាញពីស្នាមប្រេះយ៉ាងពិតប្រាកដ នៅក្នុងអំណាចដឹកនាំរបស់លោក ពូទីន។ ប៉ុន្តែ ព្រមពេលជាមួយគ្នា លោករដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះក៏បាននិយាយដែរថាវាដូចជាលឿនពេក ក្នុងការវាយតម្លៃពីផលប៉ះពាល់ដែលបង្កឡើងដោយ ការបះបោរនេះ ទៅលើអំណាចរបស់លោក ពូទីន ឬក៏សង្រ្គាមនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ លោក ព្រីហ្គោហ្ស៉ីន បាននិយាយថា ក្រុមអ្នកប្រយុទ្ធ Wagner ខ្ទង់២៥,០០០នាក់ បានឆ្លងពីអ៊ុយក្រែន ចូលក្នុងប្រទេសរុស្ស៉ី នៅឯទីក្រុងរ៉ូស្តូវ (Rostov) ភាគខាងត្បូង ដើម្បីឆ្ពោះទៅស្វែងរកយុត្តិធម៌នៅទីក្រុងមូស្គូ ក្រោយលោកចោទថារដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ បញ្ជាឱ្យបើកការវាយប្រហារសម្លាប់ទាហានស៊ីឈ្នួលរបស់លោកក្នុងប្រទេសអ៊ុយក្រែន។ យ៉ាងណាក៏ដោយ នៅទីបំផុតទៅ លោក ព្រីហ្គោហ្ស៉ីន បានយល់ព្រមដកកងកម្លាំង ក្រោមកិច្ចចរចាសម្របសម្រួលពីលោក លូកាសិកូ ក្រោយប្រធានាធិបតីបេឡារុសរូបនេះ បានបើកកិច្ចសន្ទនា ជាមួយលោក ពូទីនផងដែរ។

ការិយាល័យប្រធានាធិបតីបេឡារុស បានឱ្យដឹងថាលោក ព្រីហ្គោហ្ស៉ីន បានទទួលយកសំណើរបស់លោក លូកាសិនកូ និងយល់ព្រមបញ្ចប់សកម្មភាព បះបោរ របស់ខ្លួន ជាមួយការផ្ដល់ជូននូវការធានាសន្តិសុខសម្រាប់ទាហាន Wagner រួមទាំងមេរបស់ពួកគេ។ ចំណែក វិមានក្រឹមឡាំងបានបញ្ជាក់ថា ការស៊ើបអង្កេតប្រឆាំងនឹងលោក ព្រីហ្គោហ្ស៉ីន ក៏ត្រូវបានទម្លាក់ចោល រីឯទាហានដែលចូលរួមក្នុងការបះបោរត្រូវបានលើកលែងទោស៕