(សេអ៊ូល)៖ កូរ៉េខាងជើង បានរៀបចំការប្រមូលផ្ដុំទ្រង់ទ្រាយដ៏ធំ ក្នុងទីក្រុងព្យុងយ៉ាង ជាទីដែលអ្នកចូលរួមរាប់ម៉ឺននាក់បានស្រែកធ្វើសង្រ្គាមសងសឹក ដើម្បីកម្ទេចសហរដ្ឋអាមេរិក នាឱកាសនៃការប្រារព្ធខួបលើកទី៧៣ នៃការផ្ទុះសង្រ្គាមកូរ៉េ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថាមនុស្ស ១២០,០០០នាក់ រួមមានទាំងសិស្ស-និស្សិតផងដែរ បានចូលរួមក្នុងពិធីជួបជុំ ក្នុង រដ្ឋធានីព្យុងយ៉ាងកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ។ រូបថតជាច្រើនសន្លឹកចេញផ្សាយដោយ KCNA ក៏បានបង្ហាញដែរពីមនុស្សម្នាកាន់ផ្ទាំងបដារ ដែលមានខ្លឹមសារថា «ទឹកដីសហរដ្ឋអាមេរិកទាំងមូល ស្ថិតនៅក្រោមចម្ងាយបាញ់របស់យើង ហើយពួកចក្រពត្តិអាមេរិកកំពុងបំផ្លាញសន្តិភាព»។
«កូរ៉េខាងជើងក្នុងពេលបច្ចុប្បន្ន មានអាវុធដ៏មានឥទ្ធិពលដែលអាចដាក់ទោសលើពួកចក្រពត្តិអាមេរិក ...និងសងសឹកទៅលើសត្រូវ»។ នេះជាការ បញ្ជាក់បន្ថែមរបស់ KCNA។ ដោយឡែក នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយ ខាងក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយថា សកម្មភាពរបស់សហរដ្ឋអាមេរិក ដូចជាការដាក់ពង្រាយអាវុធយុទ្ធសាស្ត្រមកកាន់តំបន់ឧបទ្វីបកូរ៉េ នឹងបង្កជាហានិភ័យផ្ទុះសង្រ្គាមនុយក្លេអ៊ែរ។
គួរបញ្ជាក់ថា កូរ៉េខាងជើង និងកូរ៉េខាងត្បូង នៅតែបន្តស្ថិតនៅក្នុងស្ថានភាពសង្រ្គាមនៅឡើយមកទល់នឹងសព្វថ្ងៃ ព្រោះថាសង្រ្គាមកូរ៉េឆ្នាំ១៩៥០ ដល់ ឆ្នាំ១៩៥៣ បានបិទបញ្ចប់ទៅជាមួយបទឈប់បាញ់ មិនមែនជាសន្ធិសញ្ញាបញ្ចប់សង្រ្គាមជាផ្លូវការនោះទេ៕