(ហ្សេរុយសាឡឹម)៖ មហាសេដ្ឋីហូលីវូដ លោក Arnon Milchan បានចាប់ផ្តើមផ្តល់សក្ខីកម្មនៅក្នុងការកាត់ក្តីពុករលួយប្រឆាំងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ (២៥ មិថុនា) នៅក្នុងសវនាការមួយ ដែលត្រូវបានផ្សាយផ្ទាល់ពីទីក្រុងឆ្នេរសមុទ្រអង់គ្លេសទៅកាន់ទីក្រុងហ្សេរុយសាឡឹម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣។

ការកាត់ក្តីកំពុងប្រព្រឹត្តទៅនៅក្រុងយេរូសាឡឹម ប៉ុន្តែសក្ខីកម្មរបស់ លោក Milchan ធ្វើឡើងនៅទីក្រុង Brighton របស់ចក្រភពអង់គ្លេស ដែលនៅជិតកន្លែងដែលបុរសអាយុ ៧៨ឆ្នាំរូបនេះកំពុងរស់នៅ តាមសំណើរបស់ព្រះរាជអាជ្ញា។ សក្ខីកម្ម​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​រយៈពេល​ជាច្រើន​ថ្ងៃ។

គួរបញ្ជាក់ថា យោងតាមការចោទប្រកាន់ លោក Milchan ដែលមានស្នាដៃផលិតរឿងជាច្រើនដូចជា Pretty Woman និង 12 Years A Slave បានផ្តល់ឱ្យ លោក Netanyahu និងភរិយារបស់លោក នូវប្រអប់ស៊ីហ្គា និងស្រាសំប៉ាញក្នុងរយៈពេលជាច្រើនឆ្នាំ រួមជាមួយនឹងគ្រឿងអលង្ការ អំណោយនោះមានតម្លៃ ១៥៧,០០០អឺរ៉ូ ដែលជាអ្វីដែលការចោទប្រកាន់ពិពណ៌នាថាជា «ខ្សែផ្គត់ផ្គង់» នៃអំណោយដ៏ថ្លៃថ្លា។

ក្នុងបទចោទប្រកាន់ លោក Netanyahu ក៏ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់ឥទ្ធិពល ដើម្បីជួយលោក Milchan ក្នុងការទទួលបានការបន្តទិដ្ឋាការអាមេរិក តាមរយៈមធ្យោបាយការទូតរបស់លោក ក្នុងចំណោមនោះមានអតីតរដ្ឋមន្ត្រីការបរទេស លោក John Kerry ផងដែរ។

រដ្ឋអាជ្ញាក៏បានចោទប្រកាន់លោក Netanyahu ថាបានធ្វើការជាច្រើន ដើម្បីជំរុញច្បាប់ដែលបានផ្តល់ឱ្យលោក Milchan ចំណេញប្រាក់រាប់លានដុល្លារក្នុងការបន្ធូរបន្ថយពន្ធ៕