(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ឱ្យដឹងនៅថ្ងៃអាទិត្យ (២៥ មិថុនា) នេះថា ប្រទេសកូរ៉េខាងជើងគាំទ្រយ៉ាងពេញទំហឹងដល់រុស្ស៊ី ក្នុងការដោះស្រាយជាមួយនឹងក្រុមបះបោរនាពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ​ ទី២៥ ខែមិថុនា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌កូរ៉េខាងជើង (KCNA) បានរាយការណ៍ថា អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក អ៊ីម ជុនអ៊ីល​ (Im Chon Il) «បានបង្ហាញជំនឿយ៉ាងមុតមាំថា ការបះបោរប្រដាប់អាវុធថ្មីៗនៅក្នុងប្រទេសរុស្ស៊ី នឹងត្រូវបានដោះស្រាយដោយជោគជ័យ» នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងព្យុងយ៉ាង លោក Alexander Matsegura ។

វាគឺជាសារចុងក្រោយបង្អស់នៃការគាំទ្រពីទីក្រុងព្យុងយ៉ាងចំពោះទីក្រុងមូស្គូចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាមអ៊ុយក្រែន ដែលទីក្រុងព្យុងយ៉ាងបានពិពណ៌នាថាជា «សង្រ្គាមប្រូកស៊ី» របស់សហរដ្ឋអាមេរិក ដើម្បីបំផ្លាញប្រទេសរុស្ស៊ី។

ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍​ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រុស្ស៊ីបានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការបង្កើនសម្ពាធលើកូរ៉េខាងជើង ដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយរបស់អង្គការសហប្រជាជាតិ និងលោកខាងលិចជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីល។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ម្សិលមិញ លោក ព្រីហ្គោហ្ស៉ីន បាននិយាយថា ក្រុមអ្នកប្រយុទ្ធ Wagner ខ្ទង់២៥,០០០នាក់ បានឆ្លងពីអ៊ុយក្រែនចូលក្នុងប្រទេស រុស្ស៉ី នៅឯទីក្រុងរ៉ូស្តូវ (Rostov) ភាគខាងត្បូង ដើម្បីឆ្ពោះទៅស្វែងរកយុត្តិធម៌នៅទីក្រុងមូស្គូ ក្រោយលោកចោទថារដ្ឋមន្ត្រីការពារជាតិបញ្ជាឱ្យបើក ការវាយប្រហារសម្លាប់ទាហានស៊ីឈ្នួលរបស់លោកក្នុងប្រទេសអ៊ុយក្រែន។

យ៉ាងណាក៏ដោយ នៅទីបំផុតទៅ ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី Wagner លោក យេវហ្គេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) បានបញ្ជាឱ្យកងកម្លាំងរបស់លោកបញ្ឈប់ ការធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងមូស្គូ ដើម្បីបញ្ចៀសការបង្ហូរឈាមដាក់គ្នា ហើយយល់ព្រមរស់នៅនិរទេសខ្លួននៅក្នុងប្រទេសបេឡារុស៕