(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក ឈិន កាង (Qin Gang) បានជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក អាន់ដ្រី រូដិនកូ (Andrey Rudenko) ក្នុងទីក្រុងប៉េកាំង នៅថ្ងៃអាទិត្យ ទី២៥ ខែមិថុនានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសចិន បានគូសបញ្ជាក់ដូច្នេះថា «លោករដ្ឋមន្ត្រីការបរទេស ឈិន កាង បានជួបជាមួយ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក រូដិនកូ ក្នុងទីក្រុងប៉េកាំង ហើយបានផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការទំនាកទំនងរវាងចិន និងរុស្ស៉ី ក៏ដូចជាបញ្ហាជាកង្វល់រួមរបស់ប្រទេសទាំង២ ទាំងក្នុងតំបន់ និងអន្តរជាតិ។
គួរបញ្ជាក់ថា ជំនួបរវាងមន្ត្រីការទូតជាន់ខ្ពស់នៃប្រទេសរុស្ស៉ី និងចិន កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរុស្ស៉ីបានប្រឈមមុខនឹងវិបត្តិ នយោបាយនៅក្នុងស្រុកដ៏ធំ ចំពោះមុខការបះបោររបស់ក្រុមទាហានស៊ីឈ្នួលរុស្ស៉ី។ ប៉ុន្តែ ថៅកែទាហានរុស្ស៉ីឈ្នួលរុស្ស៉ី លោក ព្រីហ្គោហ្ស៉ីន បាន សម្រេចបោះបង់ចោលសកម្មភាពបះបោរនេះទៅវិញ ក្រោយមានកិច្ចព្រមព្រៀងមួយដែលវិមានក្រឹមឡាំងអះអាងថារុស្ស៉ីបានទម្លាក់ចោល ការចោទប្រកាន់ប្រឆាំងលោក ព្រីហ្គោហ្ស៉ីន និងលើកលែងទោសឱ្យទាហានស៊ីឈ្នួលដែលចូលរួមក្នុងសកម្មភាពបះបោរ។ ក្រោមកិច្ចព្រមព្រៀង នេះដែរ លោក ព្រីហ្គោហ្ស៉ីន នឹងត្រូវចាកចេញពីរុស្ស៉ី ទៅរស់នៅក្នុងប្រទេសបេឡារុស៕