(អ៉ីស្លាម៉ាបាដ)៖ កងទ័ពប៉ាគីស្ថាន កាលពីថ្ងៃសៅរ៍ ទី២៤ ខែមិថុនា បានអះអាងថាជនស៊ីវិល២នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងឥណ្ឌា នៅក្នុង តំបន់ជម្លោះហិរម៉ាល័យ នៃតំបន់កាស្មៀរ ដែលនេះជាជម្លោះលើកដំបូងបំផុតចាប់តាំងពីមានបទឈប់បាញ់មួយក្នុងឆ្នាំ២០២១ រវាងមហាអំណាច នុយក្លេអ៊ែរទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កងទ័ពប៉ាគីស្ថានបានឱ្យដឹងទៀតថាអ្នកគង្វាលមួយក្រុម ក្នុងទីក្រុង Sattwal នៅបន្ទាត់ត្រួតពិនិត្យព្រំដែន (Line of Control) ដែលគេចាត់ទុកថាជាព្រំដែនរវាងឥណ្ឌា និងប៉ាគីស្ថាន បានរងការវាយប្រហារ។ សេចក្ដីថ្លែងការណ៍នេះបានគូសបញ្ជាក់ដូច្នេះថា «កងទ័ពឥណ្ឌា បានប្រព្រឹត្តិទង្វើអមនុស្សធម៌ប្រឆាំងនឹងជនស៊ីវិលស្លូតត្រង់ ព្រមទាំងបានបាញ់រះមិនរើសមុខលើក្រុមអ្នកគង្វាលក្នុងទីក្រុង Sattwal។

គួរបញ្ជាក់ថា កងទ័ពប៉ាគីស្ថាន ក៏បានអះអាងដែរថាខ្លួនរក្សាសិទ្ធិគ្រប់យ៉ាងដើម្បីសងសឹក។ ប៉ុន្តែ ខាងកងទ័ពឥណ្ឌាមិនទាន់ឆ្លើយតបអ្វីទៅនឹង ការលើកឡើងរបស់កងទ័ពប៉ាគីស្ថាននៅឡើយទេ៕