(កៀវ)៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បានឱ្យដឹងថាកម្មវិធីអន្តរជាតិ ដើម្បីបណ្ដុះបណ្ដាលពីឡុតអ៊ុយក្រែន ពីបៀបបញ្ជាយន្ដហោះចម្បាំង F-16 អាចនឹងត្រូវធ្វើឡើងនៅខែកក្កដាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣។
នៅក្នុងបទអត្ថាធិប្បាយមួយចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី២៤ ខែមិថុនា រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក អូឡិកស៊ី រ៉េសនីកូវ (Oleksii Reznikov) បានគូសបញ្ជាក់ដូច្នេះថា «កម្មវិធីបណ្ដុះបណ្ដាលអាចនឹងធ្វើឡើងនៅខែកក្កដា។ វានឹងត្រូវបានប្រកាស ហើយខ្ញុំអាចនិយាយ ដោយសុទិដ្ឋិនិយមបានថាការបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមនៅក្នុងខែកក្កដា»។
គួរបញ្ជាក់ថា អ៊ុយក្រែនដែលកំពុងធ្វើប្រតិបត្តិការវាយបកប្រឆាំងនឹងកងកម្លាំងរុស្ស៉ី បានទទូចស្នើសុំយន្ដហោះចម្បាំង តួយ៉ាងដូចជាយន្ដហោះ ចម្បាំង F-16 ផលិតដោយសហរដ្ឋអាមេរិក ដោយទីក្រុងកៀវអះអាងថាត្រូវការជាចាំបាច់ដើម្បីអាចទប់ទល់នឹងការវាយប្រហារតាមផ្លូវអាកាស របស់រុស្ស៉ី។ សមាជិក NATO រួមមានដាណឺម៉ាក និងហូឡង់ កំពុងដឹកនាំកម្មវិធីផ្គត់ផ្គង់យន្ដហោះចម្បាំងឱ្យអ៊ុយក្រែន ក្រោយមាន ការយល់ព្រមពីសហរដ្ឋអាមេរិក តែមិនមានការបញ្ជាក់ថាតើប្រទេសណាខ្លះនឹងផ្គត់ផ្គង់ ឬយន្ដហោះចម្បាំងចំនួនប៉ុន្មានគ្រឿង ត្រូវបញ្ជូនឱ្យ អ៊ុយក្រែននោះទេ៕