(បាងកក)៖ ព្រះរាជត្រឹត្យមួយដែលចុះផ្សាយក្នុងព្រឹត្តិប័ត្ររបស់រាជវាំងថៃ Royal Gazette បានឱ្យដឹងថាសមាជិករដ្ឋសភាថៃទាំងអស់ដែលទើបជាប់ឆ្នោតថ្មីៗនេះ នឹងត្រូវចូលរួមជាលើកដំបូងក្នុងសម័យប្រជុំសភា នៅថ្ងៃទី៣ ខែកក្កដាខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣។
ព្រះរាជត្រឹត្យខាងលើដដែល ចុះផ្សាយក្នុងព្រឹត្តិប័ត្ររបស់រាជវាំងថៃ Royal Gazette ក៏បានកំណត់ផងដែរពីការចាប់ផ្ដើមដំណើរការបង្កើតរដ្ឋាភិបាលថ្មីមួយ បន្ទាប់ពី ការបោះឆ្នោតសកល កាលពីខែឧសភាកន្លងទៅ ហើយការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនឹងធ្វើឡើងនៅក្នុងខែកក្កដា។ គណៈកម្មការរៀបចំការបោះឆ្នោតថៃ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ បានទទួលស្គាល់សមាជិករដ្ឋសភាជាប់ឆ្នោតទាំង ៥០០រូប ដែលនឹងត្រូវកោះប្រជុំនដើមខែកក្កដាខាងមុខ ដើម្បីជ្រើសរើស ប្រធានរដ្ឋសភាម្នាក់ និងអនុប្រធាន ២នាក់។ ក្រោយមកទៀត ប្រធានរដ្ឋសភា នឹងស្នើឱ្យកោះប្រជុំសម័យរួមរវាងរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្ត្រីថ្មី។
គួរបញ្ជាក់ថា គណបក្ស Move Forward ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតកាលពីខែឧសភា បានជ្រើសរើសលោក Pita Limjaroenrat ជាបេក្ខជន នាយករដ្ឋមន្ត្រីរបស់ខ្លួន។ ដើម្បីអាចក្លាយជានាយករដ្ឋមន្ត្រី លោក Pita ត្រូវប្រមូលសំឡេងគាំទ្រឱ្យបានយ៉ាងហោច ៣៧៦សំឡេង ក្នុងចំណោមសមាជិករដ្ឋសភា និងព្រឹទ្ធសភាទាំង ៧៥០រូប។ ប៉ុន្តែ គេមិនទាន់ដឹងនោះទេថាតើសមាជិកព្រឹទ្ធសភាទាំង ២៥០រូប ដែលសុទ្ធសឹងតែជាមនុស្សរបស់យោធាថៃនឹងបោះឆ្នោតគាំទ្រ លោក Pita ដែរឬក៏យ៉ាងណានោះទេ៕