(ស៉ីដនី)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅថ្ងៃអាទិត្យនេះបាននិយាយថាលោកនឹងកំណត់កាលបរិច្ឆេទ សម្រាប់ការបំពេញទស្សនកិច្ច ទៅកាន់ប្រទេសចិន នៅពេលវេលាស័ក្តិសមណាមួយ ខណៈលោកសង្កត់ធ្ងន់ពីសារៈសំខាន់នៃទំនាកទំនងពាណិជ្ជកម្មទ្វេភាគី និងបង្ហាញក្ដីកង្វល់ពីអ្នកកាសែត អូស្ត្រាលីម្នាក់ដែលជាប់ឃុំក្នុងទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣។

នៅពេលត្រូវសាកសួរថាតើលោកនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន នៅពេលណា? លោក Albanese បានតបទៅវិញដូច្នេះថា «យើងនឹងកំណត់ កាលបរិច្ឆេទនៅពេលវេលាស័ក្តិសម»។ លោកបន្ថែមទៀតថាដំណើរទស្សនកិច្ចទៅក្រៅប្រទេសរបស់លោកនៅពេលខាងមុខនេះ គឺទៅចូលរួមកិច្ចប្រជុំកំពូល NATO រៀបចំឡើងក្នុងប្រទេសលីទុយអានី នៅខែកក្កដាខាងមុខនេះ។

លោក Albanese ក៏មិនបានបញ្ជាក់នោះដែរថាតើពលរដ្ឋអូស្ត្រាលី ក្នុងនោះរួមមានទាំងអ្នកកាសែតម្នាក់ដែលកំពុងជាប់ឃុំក្នុងប្រទេសចិន អាចនឹងត្រូវបាន ដោះលែង មុននឹងដំណើរទស្សនកិច្ចរបស់លោក ឬក៏យ៉ាងណានោះទេ។ ប៉ុន្តែលោកបានអំពាវនាវឱ្យទីក្រុងប៉េកាំង ដោះលែងអ្នកកាសែតអូស្ត្រាលីឈ្មោះ Cheng Lei ដែលជាប់ឃុំក្នុងទីក្រុងប៉េកាំង ចាប់តាំងពីត្រូវបានឃាត់ខ្លួនចាប់តាំងពីខែកញ្ញា ឆ្នាំ២០២០មក៕