(មូស្គូ)៖ ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី Wagner លោក យេវហ្គេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) បានបញ្ជាឱ្យកងកម្លាំងរបស់លោកបញ្ឈប់ ការធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងមូស្គូ ដើម្បីបញ្ចៀសការបង្ហូរឈាមដាក់គ្នា ដែលនេះជាការបិទបញ្ចប់វិបត្តិនយោបាយក្នុងស្រុកដ៏ធំបំផុត ដែលលោក ពូទីន ប្រឈមក្នុងពេលកាន់អំណាច រាប់ទសវត្សរ៍មកនេះ។

កាលពីថ្ងៃសៅរ៍ម្សិលមិញ លោក ព្រីហ្គោហ្ស៉ីន បាននិយាយថា ក្រុមអ្នកប្រយុទ្ធ Wagner ខ្ទង់២៥,០០០នាក់ បានឆ្លងពីអ៊ុយក្រែនចូលក្នុងប្រទេស រុស្ស៉ី នៅឯទីក្រុងរ៉ូស្តូវ (Rostov) ភាគខាងត្បូង ដើម្បីឆ្ពោះទៅស្វែងរកយុត្តិធម៌នៅទីក្រុងមូស្គូ ក្រោយលោកចោទថារដ្ឋមន្ត្រីការពារជាតិរុស្ស៉ីបញ្ជាឱ្យបើក ការវាយប្រហារសម្លាប់ទាហានស៊ីឈ្នួលរបស់លោកក្នុងប្រទេសអ៊ុយក្រែន បើទោះខាងក្រសួងការពារជាតិរុស្ស៉ីបដិសេធការចោទប្រកាន់បែបនេះក៏ដោយ។ លោក ព្រីហ្គោហ្ស៉ី បានហៅសកម្មភាពទាហានរបស់លោកថាជាការទាមទាររកយុត្តិធម៌ មិនមែនជាការធ្វើរដ្ឋប្រហារ ឬបះបោរអ្វីនោះទេ។ ទីភ្នាក់ងារសន្តិសុខ ក្នុងស្រុក FSB របស់រុស្ស៉ីបានចាប់ផ្តើមបើកការស៉ើបអង្កេតព្រហ្មទណ្ឌ ប្រឆាំងនឹងរូបលោក សម្រាប់ការអំពាវនាវឱ្យ មានការបះបោរប្រដាប់អាវុធ នៅក្នុងប្រទេស ដែលជាបទល្មើសអាចប្រឈមនឹងការជាប់ពន្ធនាគារសរុប រហូតដល់២០ឆ្នាំ។

បន្ថែមពីលើនេះ ប្រធានាធិបតីរុស្ស៉ីលោក ពូទីន ក្នុងថ្ងៃដដែលនោះដែរ បានចេញមុខថ្លែងសារជាបន្ទាន់មួយទៅកាន់ប្រជាជាតិ ដោយព្រមានកម្ទេចក្រុមបះបោរ ប្រដាប់អាវុធផងដែរ តែលោកមិនបានលើកចំឈ្មោះលោក ព្រីហ្គោហ្ស៉ីននោះទេ ខណៈកងកម្លាំងរុស្ស៉ីត្រូវបានគេរាយការណ៍ថាបានដាក់ពង្រាយកាំភ្លើងយន្ត ធុនធ្ងន់ជាស្រេច ដើម្បីទទួលទាហានស៊ីឈ្នួល។ យ៉ាងណាក៏ដោយ នៅទីបំផុតទៅ លោក ព្រីហ្គោហ្ស៉ីន បានយល់ព្រមដកកងកម្លាំង ក្រោមកិច្ចចរចា សម្របសម្រួលពីលោក លូកាសិកូ ក្រោយប្រធានាធិបតីបេឡារុសរូបនេះ បានបើកកិច្ចសន្ទនាជាមួយលោក ពូទីនផងដែរ។

ការិយាល័យប្រធានាធិបតីបេឡារុស បានឱ្យដឹងថាលោក ព្រីហ្គោហ្ស៉ីន បានទទួលយកសំណើរបស់លោក លូកកាសិនកូ និងយល់ព្រមបញ្ចប់សកម្មភាបះបោរ របស់ខ្លួន ជាមួយការផ្ដល់ជូននូវការធានាសន្តិសុខសម្រាប់ទាហាន Wagner រួមទាំងមេរបស់ពួកគេ។ ចំណែក វិមានក្រឹមឡាំងបានបញ្ជាក់ថាការស៊ើបអង្កេត ប្រឆាំងនឹងលោក ព្រីហ្គោហ្ស៉ីន ក៏ត្រូវបានទម្លាក់ចោល រីឯទាហានដែលចូលរួមក្នុងការបះបោរត្រូវបានលើកលែងទោស។ ព្រឹត្តិការណ៍ដែលកើតឡើងនៅរុស្ស៉ី កាលពីថ្ងៃសៅរ៍ ធ្វើឱ្យឈ្មោះលោក ព្រីហ្គោហ្ស៉ីន ត្រូវបានកាសែតធំៗចុះផ្សាយនៅលើក្របទំព័រមុខ ប៉ុន្តែតើបុរសម្នាក់នេះគឺជានរណា?

* ធ្លាប់ជាអ្នកលក់ Hot Dog

លោក ព្រីហ្គោហ្ស៉ីន មានអាយុ ៦២ឆ្នាំ បានចាប់ផ្ដើមមានជម្លោះជាមួយក្រសួងការពារជាតិរុស្ស៉ី ក្រោយទាហានរុស្ស៉ីបរាជ័យជាបន្តបន្ទាប់ ក្នុងសង្រ្គាមនៅ អ៊ុយក្រែន កាលពីឆ្នាំ២០២២។ ជម្លោះនេះបានបន្តមកដល់ឆ្នាំ២០២៣ ដោយលោក ព្រីហ្គោហ្ស៉ីន កាន់តែដំឡើងសំឡេងដាក់រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ និងនាយអគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធរុស្ស៉ី លោក វ៉ាឡេរី ហ្គេរ៉ាស៊ីម៉ូវ (Valery Gerasimov) ហើយទាមទារឱ្យវិមានក្រឹមឡាំង បណ្ដេញអ្នកទាំង២រូបនេះចេញពីតំណែង។ រហូតដល់ថ្ងៃសុក្រកន្លងទៅនេះ ទើបជម្លោះនេះផ្ទុះទៅជាការបះបោរចង់ទម្លាក់លោក សយហ្គូ ចេញពីតំណែង ក្រោយលោក ព្រីហ្គោហ្ស៉ីន រដ្ឋមន្ត្រីការពារជាតិរុស្ស៉ីរូបនេះ បញ្ជាឱ្យបើកការវាយប្រហារសម្លាប់ទាហានស៊ីឈ្នួលរបស់លោកក្នុងប្រទេសអ៊ុយក្រែន។

លោក ព្រីហ្គោហ្ស៉ីន ដែលត្រូវបានគេស្គាល់ថាធ្លាប់ជាអ្នកលក់ hotdog ម្នាក់ និងមានស្រុកកំណើតរួមគ្នាជាមួយលោក ពូទីន មកពីទីក្រុងសាំង ភីតធើស្បឺគ។ លោកធ្លាប់ជាប់ពន្ធនាគារជិតមួយទសវត្សរ៍ អំឡុងសម័យសូវៀត ហើយលោកផ្ទាល់ក៏ធ្លាប់បដិសេធជាច្រើនឆ្នាំថាមិនមានជាប់ពាក់ព័ទ្ធនឹងទាហានស៊ីឈ្នួល Wagner ឡើយ។ រហូតដល់ខែកញ្ញា ឆ្នាំ២០២២ ទើបលោកសារភាពទទួលស្គាល់ថាលោកជាអ្នកបង្កើតទាហានស៊ីឈ្នួលនេះឡើង ហើយបានបើក ទីស្នាក់ការកណ្ដាលរបស់ Wagner ក្នុងទីក្រុងសាំងភីតធើស្បឺគ។ នៅមុនលោក ពូទីន បញ្ជាកងទ័ពចូលឈ្លានពានអ៊ុយក្រែន លោក ព្រីហ្គោហ្ស៉ីន បានបញ្ជូន កងកម្លាំងរបស់លោកទៅចូលរួមក្នុងជម្លោះនៅមជ្ឈិមបូព៌ា និងអាហ្រ្វិក។

* ចុងភៅរបស់លោក ពូទីន

លោក ព្រីហ្គោហ្ស៉ីន បានចំណាយពេលជាប់ពន្ធនាគារ ៩ឆ្នាំ អំឡុងសម័យសូវៀត បន្ទាប់ពីត្រូវបានផ្ដន្ទាទោសពីបទក្លែងបន្លំ និងលួច ហើយនៅអំឡុងចលាចល អំឡុងទសវត្សរ៍ឆ្នាំ១៩៩០ លោកបើកដំណើរការក្រុមហ៊ុនលក់អាហារ ឬ fast-food company ដោយជោគជ័យ រហូតដល់អាចបើកភោជនីយដ្ឋានដ៏ប្រណិត មួយក្នុងទីក្រុងសាំង ភីតធើស្បឺគ។ ភ្ញៀវដែលចូលទទួលទានអាហារក្នុងហាងរបស់លោក ក្នុងនោះក៏រួមមានលោក ពូទីនផងដែរ។ ក្រោយមកក្រុមហ៊ុននេះបាន បម្រើសេវាឱ្យវិមានក្រឹមឡាំង ដែលនេះបានធ្វើឱ្យលោក ព្រីហ្គោហ្ស៉ីនក្លាយជាមនុស្សម្នាក់អាចចូលទៅក្បែរលោក ពូទីន ដោយមានរហ័ស្សនាមថា «ចុងភៅ» របស់លោក ពូទីន។

* ជាមហាសេដ្ឋីម្នាក់

លោក ព្រីហ្គោហ្ស៉ីន ត្រូវបានគេចាត់ទុកថាជា «មហាសេដ្ឋីម្នាក់» ដោយទ្រព្យសម្បត្តិមួយផ្នែកធំរបស់លោក ទទួលបានពីគម្រោងពីរដ្ឋាភិបាលរុស្ស៉ី ទោះបីជាគេ មិនបានដឹងទំហំទ្រព្យសម្បត្តិរបស់លោកក៏ដោយ។ លោក ព្រីហ្គោហ្ស៉ីន ផ្ដើមមានកេរ្តិ៍ឈ្មោះនៅរុស្ស៉ី ក្រោយពេលរូបថតមួយសន្លឹករបស់លោករៀបចំម្ហូបអាហារ ឱ្យលោក ពូទីន នៅឯវិមានក្រឹមឡាំងក្នុងឆ្នាំ២០១១។ ក្រុមបណ្ដាប្រទេសលោកខាងលិច បានចោទប្រកាន់ក្រុមទាហានស៊ីឈ្នួលរបស់លោក ព្រីហ្គោហ្ស៉ីន ថា បានជួយដល់របបយោធាក្នុងប្រទេសម៉ាលី ដែលនេះជាកត្តាមួយជំរុញឱ្យបារាំងសម្រេចចិត្តបិទបញ្ចប់ប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសម៉ាលី។

គួរបញ្ជាក់ថា លោក ព្រីហ្គោហ្ស៉ីន ត្រូវបានទីក្រុងវ៉ាស៊ីនតោន ដាក់ទណ្ឌកម្ម ដោយចោទរូបលោកថាមានជាប់ពាក់ព័ន្ធនឹងការលូកលាន់កិច្ចការបោះឆ្នោត ប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦។ តែលោក ព្រីហ្គោហ្ស៉ីន បានច្រានចោលការចោទប្រកាន់នេះ ហើយក្នុងឆ្នាំ២០២០ បានស្នើឱ្យសហរដ្ឋអាមេរិក សង សំណងជំងឺចិត្តដល់លោក ចំនួន ៥០ពាន់លានដុល្លារ៕