(មូស្គូ)៖ ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី Wagner លោក យេវហ្គេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) បានបញ្ជាឱ្យកងកម្លាំងរបស់លោកបញ្ឈប់ ការធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងមូស្គូ ដើម្បីបញ្ចៀសការបង្ហូរឈាមដាក់គ្នា ហើយយល់ព្រមរស់នៅនិរទេសខ្លួននៅក្នុងប្រទេសបេឡារុស។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣។

បើតាមលោក ព្រីហ្គោហ្ស៉ីន ខណៈទាហានស៊ីឈ្នួលរបស់លោកកំពុងស្ថិតនៅចម្ងាយត្រឹមតែ២០០គីឡូម៉ែត្រ ពីរដ្ឋធានីមូស្គូ លោកផ្ទាល់បានសម្រេចចិត្តកាលពី ថ្ងៃសៅរ៍ម្សិលមិញ ដកកងកម្លាំងត្រឡប់ទៅកាន់បន្ទាយវិញ ដើម្បីបញ្ចៀសការកាប់សម្លាប់គ្នា។ «ដោយមានស្មារតីទទួលខុសត្រូវ ក្នុងការបញ្ចៀសកុំ​ឱ្យជនជាតិ រុស្ស៉ីកាប់សម្លាប់គ្នា យើងបានដកកងកម្លាំងរបស់យើងត្រឡប់ចូលបន្ទាយវិញ»។ នេះជាការគូសបញ្ជាក់របស់លោក ព្រីហ្គោហ្ស៉ីន។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ម្សិលមិញ លោក ព្រីហ្គោហ្ស៉ីន បាននិយាយថា ក្រុមអ្នកប្រយុទ្ធ Wagner ខ្ទង់២៥,០០០នាក់ បានឆ្លងពីអ៊ុយក្រែនចូលក្នុងប្រទេស រុស្ស៉ី នៅឯទីក្រុងរ៉ូស្តូវ (Rostov) ភាគខាងត្បូង ដើម្បីឆ្ពោះទៅស្វែងរកយុត្តិធម៌នៅទីក្រុងមូស្គូ ក្រោយលោកចោទថារដ្ឋមន្ត្រីការពារជាតិបញ្ជាឱ្យបើក ការវាយប្រហារសម្លាប់ទាហានស៊ីឈ្នួលរបស់លោកក្នុងប្រទេសអ៊ុយក្រែន។

ទីភ្នាក់ងារសន្តិសុខក្នុងស្រុក FSB របស់រុស្ស៉ី ក៏បានចាប់ផ្តើមបើកការស៉ើបអង្កេតព្រហ្មទណ្ឌ ប្រឆាំងនឹងលោក ព្រីហ្គោហ្ស៉ីន ផងដែរ សម្រាប់ការអំពាវនាវឱ្យ មានការបះបោរប្រដាប់អាវុធ នៅក្នុងប្រទេស ដែលជាបទល្មើសអាចប្រឈមនឹង ការជាប់ពន្ធនាគារសរុបរហូតដល់២០ឆ្នាំ។

បន្ថែមពីលើនេះ ប្រធានាធិបតីរុស្ស៉ីលោក ពូទីន ក្នុងថ្ងៃដដែលនោះដែរ បានចេញមុខថ្លែងសារជាបន្ទាន់មួយទៅកាន់ប្រជាជាតិ ដោយព្រមានកម្ទេចក្រុមបះបោរ ប្រដាប់អាវុធ បើទោះជាលោកមិនបានលើកចំឈ្មោះលោក ព្រីហ្គោហ្ស៉ីនក៏ដោយ។ យ៉ាងណាក៏ដោយ នៅទីបំផុតទៅ លោក ព្រីហ្គោហ្ស៉ីន បានយល់ព្រមដក កងកម្លាំង ក្រោមកិច្ចចរចាសម្របសម្រួលពីលោក លូកាសិកូ ក្រោយប្រធានាធិបតីបេឡារុសរូបនេះ បានបើកកិច្ចសន្ទនាជាមួយលោក ពូទីនផងដែរ។

ការិយាល័យប្រធានាធិបតីបេឡារុស បានឱ្យដឹងថាលោក ព្រីហ្គោហ្ស៉ីន បានទទួលយកសំណើរបស់លោក លូកកាសិនកូ និងយល់ព្រមបញ្ចប់សកម្មភាបះបោរ របស់ខ្លួន ជាមួយការផ្ដល់ជូននូវការធានាសន្តិសុខសម្រាប់ទាហាន Wagner រួមទាំងមេរបស់ពួកគេ។ ចំណែក វិមានក្រឹមឡាំងបានបញ្ជាក់ថាការស៊ើបអង្កេត ប្រឆាំងនឹងលោក ព្រីហ្គោហ្ស៉ីន ក៏ត្រូវបានទម្លាក់ចោល រីឯទាហានដែលចូលរួមក្នុងការបះបោរត្រូវបានលើកលែងទោស៕