(មូស្គូ)៖ មេដឹកនាំសាធារណៈរដ្ឋឆេឆេនី លោក រ៉ំាហ្សាន់ កាឌីរ៉ូវ (Ramzan Kadyrov) បាននិយាយនៅថ្ងៃសៅរ៍នេះថា កងកម្លាំងរបស់លោកត្រៀមខ្លួនរួចជាស្រេចដើម្បីជួយបង្ក្រាបការបះបោរដោយមេកងកម្លាំង Wagner លោក យេវហ្គីនី ព្រីហ្គូហ្ស៉ីន (Yevgeny Prigozhin) ហើយនិងប្រើប្រាស់វិធីសាស្រ្តដ៏ឃោរឃៅប្រសិនបើចាំបាច់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ខែមិថុនា ឆ្នាំ២០២៣។
នៅក្នុងសាបង្ហោះនៅលើ Telegram លោក កាឌីរ៉ូវ បានហៅសកម្មភាពរបស់ លោក ព្រីហ្គូហ្ស៉ីន ថាជា «អំពើក្បត់ពីក្រោយខ្នង» ហើយបានអំពាវនាវដល់ទាហានរុស្ស៉ីកុំឲ្យចុះចាញ់នឹង «ការបង្កហេតុ»។
លោក កាឌីរ៉ូវ បានបន្ថែមថា «កងកម្លាំង Chechen កំពុងធ្វើឆ្ពោះទៅកាន់ «តំបន់ដែលកំពុងមានភាពតានតឹង» ហើយនឹងធ្វើសកម្មភាពដើម្បី «ថែរក្សាអង្គភាពរបស់រុស្ស៉ី និងការពារប្រទេសរបស់ខ្លួន»។
គួរបញ្ជាក់ថា លោក កាឌីរ៉ូវ ដែលបច្ចុប្បន្នជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីមុនធ្លាប់ជាសម្ព័ន្ធមិត្តរបស់មេកងកម្លាំង Wagner។ យ៉ាងនេះក្តី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ មេដឹកនាំឆេឆេនីរូបនេះ បានចាប់ផ្តើមរិះគន់លើភាពប្រទាំងប្រទើសជាប្រចាំរបស់ លោក ព្រីហ្គូហ្ស៉ីន ប្រឆាំងនឹងក្រសួងការពារជាតិរុស្ស៉ី៕