(មូស្គូ)៖ ឧទ្ធម្ភាគចក្រយោធារុស្ស៉ីបានបើកការបាញ់ប្រហារលើជួររថយន្តទាហានស៊ីឈ្នួល Wagner នៅរសៀលថ្ងៃសៅរ៍នេះ (ម៉ោងនៅមូស្គូ) ក្នុងពេលដែលក្រុមនេះកំពុងរុលឆ្ពោះទៅកាន់ទីក្រុងមូស្គូយ៉ាងលឿនរហ័ស បន្ទាប់ពីទើបនឹងបានដណ្តើមកាន់កាប់ទីក្រុងមួយនៅឯភាគខាងត្បូងប្រទេស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣។

អ្នកកាសែត Reuters ម្នាក់បានឃើញឧទ្ធម្ភាគចក្ររបស់កងទ័ពបើកការបាញ់ប្រហារទៅលើក្រុម Wagner ប្រដាប់ដោយអាវុធដែលកំពុងធ្វើដំណើរឆ្លងកាត់ទីក្រុង Voronezh។ ទីក្រុងនេះមានស្ថិតនៅជាងពាក់កណ្តាលនៃចម្ងាយ ១,១០០គីឡូម៉ែត្រពីទីក្រុង Rostov ទៅកាន់ទីក្រុងមូស្គូ។

សន្តិសុខនៅក្នុងទីក្រុងមូស្គូកំពុងត្រូវបានរឹតបន្តឹង ដោយមានការដាក់រនាំងដែកនៅទីលានក្រហមផងដែរ។ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានប្តេជ្ញាកម្ទេចនូវរាល់ការបះបោរប្រដាប់អាវុធទាំងអស់ ដោយលោកបានប្រៀបធៀបទៅនឹងសង្រ្គាមស៊ីវិលរបស់រុស្ស៉ី កាលពីមួយស.វមុន។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ លោក យេវហ្គីនី ព្រីហ្គូហ្ស៉ីន ដែលជាមេកងកម្លាំង Wagner បានប្រកាសពីការដណ្តើមយកបានទីស្នាក់ការកណ្តាលយោធាស្រុកមួយនៃទីក្រុង Rostov ដែលស្ថិតនៅភាគខាងត្បូងប្រទេសរុស្ស៊ី៕