(ឡុងដ៏)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៉ី ស៊ូណាក់ (Rishi Sunak) នៅថ្ងៃសៅរ៍នេះបាននិយាយថា លោកចង់ឲ្យភាគីទាំងអស់នៅក្នុងប្រទេសរុស្ស៉ីការពារជនស៊ីវិល បន្ទាប់ពីកងកម្លាំងរបស់មេទាហានស៊ីឈ្នួល លោក យេវហ្គីនី ព្រីហ្គូហ្ស៉ីន (Yevgeny Prigozhin) បានដណ្តើមកាន់កាប់ទីក្រុងភាគខាងត្បូងមួយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣។

លោក ស៊ូណាក់ បានប្រាប់បទសម្ភាសន៍របស់ទូរទស្សន៍ BBC ដែលនឹងចាក់ផ្សាយទាំងស្រុងនៅថ្ងៃអាទិត្យស្អែកនេះ យ៉ាងដូច្នេះថា «អ្វីដែលសំខាន់បំផុត ដែលខ្ញុំចង់និយាយនោះគឺសូមឲ្យភាគីទាំងអស់ទទួលខុសត្រូវ និងការពារជនស៊ីវិល»។ លោក ស៊ូណាក់បន្ថែមថា «យើងកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាព និងការវិវត្ត្តន៍ជាក់ស្តែង ហើយយើងកំពុងទាក់ទងជាមួយសម្ព័ន្ធមិត្តរបស់យើង។ ខ្ញុំនឹងនិយាយជាមួយពួកគេ នៅក្រោយថ្ងៃនេះ»

គួរបញ្ជាក់ថា កងកម្លាំង Wagner បាននឹងកំពុងគ្រប់គ្រងទីក្រុង Rostov ជាទីក្រុងដែលមានប្រជាជនជាងមួយលាននាក់នៅជិតព្រំដែនជាមួយអ៊ុយក្រែន ហើយបានរុលទៅមុខយ៉ាងលឿនឆ្ពោះទៅភាគខាងជើង កាត់តាមភាគខាងលិចនៃប្រទេសរុស្ស៉ី៕