(ប៉ារីស)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ អង្គការឃ្លាំមើលបទឧក្រិដ្ឋហិរញ្ញវត្ថុអន្តរជាតិ FATF បានប្រកាសឱ្យដឹងពីការសម្រេចចិត្តកត់ឈ្មោះប្រទេស៣បន្ថែមទៀត ចូលទៅក្នុង «បញ្ជីប្រផេះ» របស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣។

ប្រទេសទាំង៣ខាងលើគឺ កាមេរូន ក្រូអាស៉ី ហើយនិងវៀតណាម ត្រូវបានបញ្ចូលទៅក្នុងបញ្ជីប្រផេះរបស់អង្គការ FATF ដែលមានប្រទេសចំនួន២៣ផ្សេងទៀត​ ដោយសារប្រទេសទាំងនេះ មានចំណាត់ការមិនទាន់រឹងមាំគ្រប់គ្រាន់នៅឡើយ ដើម្បីទប់ស្កាត់ការលាងលុយកខ្វក់ ការផ្តល់ហិរញ្ញវត្ថុដល់​ក្រុមភេរវកម្ម ហើយនិងការទ្រទ្រង់ដល់សកម្មភាព ដែលឈានដល់ការរីកសាយអាវុធប្រល័យលោក។ សេចក្តីប្រកាសនេះធ្វើឡើងនៅថ្ងៃចុងក្រោយ នៃសម័យប្រជុំពេញអង្គរបស់អង្គការ FATF ក្នុងទីក្រុងប៉ារីស។

ក្រុមប្រទេសដែលស្ថិតក្នុងបញ្ជីប្រផេះរបស់ FATF នឹងត្រូវគ្រឹះស្ថានហិរញ្ញវត្ថុបរទេស ធ្វើការតាមដានតឹងរ៉ឹងជាងមុន លើសកម្មភាពហិរញ្ញវត្ថុ​របស់ពួកគេ។ ដោយឡែក ក្រៅពីបញ្ជីប្រផេះ FATF ក៏មានបញ្ជីខ្មៅផងដែរសម្រាប់ក្រុមប្រទេស ដែលត្រូវបានចាត់ថ្នាក់មានហានិភ័យខ្ពស់បំផុត។ បច្ចុប្បន្នប្រទេសដែលជាប់ក្នុងបញ្ជីខ្មៅនេះ រួមមានអ៉ីរ៉ង់ មីយ៉ាន់ម៉ា និងកូរ៉េខាងជើង។

គួរបញ្ជាក់ថា FATF គឺជាអង្គការអន្តររដ្ឋាភិបាលមានមូលដ្ឋាននៅទីក្រុងប៉ារីស ដែលផ្តោតទៅលើការប្រយុទ្ធប្រឆាំងសកម្មភាពលាងលុយកខ្វក់ សកម្មភាពផ្តល់ហិរញ្ញវត្ថុដល់​ក្រុមភេរវកម្ម ក៏ដូចជាសកម្មភាពផ្តល់ហិរញ្ញវត្ថុចូលរួមចំណែក ដល់ការរីកសាយនៃអាវុធប្រល័យលោក​ តាមរយៈការ​កំណត់ស្តង់ដាជាសកល ហើយត្រួតពិនិត្យថា តើប្រទេសនានាគោរពតាមស្តង់ដាទាំងនោះដែរឬអត់៕