(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ីនៅថ្ងៃសៅរ៍នេះ បានចេញមុខថ្លែងសារជាបន្ទាន់មួយទៅកាន់ប្រជាជាតិ ស្របពេលដែលលោក យេវហ្គេនីន ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) មេកងកម្លាំងទាហានស៉ីឈ្នួល Wagner របស់ប្រទេសរុស្ស៉ី បាននិងកំពុងធ្វើសកម្មភាព ដែលទីក្រុងមូស្គូហៅថាជា «ការបះបោរប្រដាប់អាវុធ»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣។

ដោយសំដៅទៅលើទង្វើបះបោររបស់លោក ព្រីហ្គោហ្ស៉ីន លោក ពូទីន បាននិយាយដូច្នេះថា «នេះគឺប្រៀបដូចជាការយកកាំបិតចាក់ពីក្រោយ​ខ្នង មកលើប្រទេស មកលើប្រជាជាតិរបស់យើង។ អ្វីដែលពួកយើងកំពុងតែប្រឈមនាពេលនេះ គឺច្បាស់ណាស់ជា ទង្វើក្បត់នឹងប្រទេសជាតិរបស់ខ្លួនឯង ដែលកើតចេញមកពីមហិច្ឆតាលោភលន់ និងផលប្រយោជន៍ផ្ទាល់ខ្លួន។ អ្នកទាំងឡាយណា ដែលជ្រើសរើសដើរលើផ្លូវក្បត់ជាតិដោយចេតនា, ដែលបានត្រៀម​លើកអាវុធបះបោរ, ហើយដែលបានប្រើវិធីសាស្រ្តគំរាមកំហែងនិងភេរវកម្ម នឹងត្រូវទទួលរងការដាក់ទោសដោយចៀសមិនផុត នៅចំពោះមុខច្បាប់ក៏ដូចជា​ចំពោះមុខប្រជាជនរបស់យើង»

បន្ថែមពីនេះ លោកប្រធានាធិបតីរុស្ស៉ី បានអំពាវនាវឱ្យមានសាមគ្គីភាព ហើយប្តេជ្ញាមិនឱ្យមានសង្រ្គាមស៉ីវិលផ្ទុះឡើង នៅក្នុងប្រទេសរុស្ស៉ីជាដាច់ខាត។ លោក ពូទីន ក៏បានបន្តផងដែរ រូបលោកនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីការពារប្រទេស ហើយការសម្រេចចិត្តច្បាស់លាស់ម៉ឺងម៉ាត់ នឹងត្រូវធ្វើឡើងដើម្បីផ្តល់ស្ថិរភាពឡើងវិញ ចំពោះស្ថានការណ៍នៅឯទីក្រុងរ៉ូស្តូវ (Rostov) ជាទីក្រុងមួយនៅភាគខាងត្បូងប្រទេសរុស្ស៉ី ដែលលោក ព្រីហ្គោហ្ស៉ីន បានអះអាងថា កងកម្លាំង Wagner បានចូលគ្រប់គ្រងមូលដ្ឋានយោធាទាំងអស់ហើយ នៅទីនោះ។

គួរបញ្ជាក់ថា ភាពតានតឹងរវាងថៅកែក្រុមទាហានស៉ីឈ្នួល Wagner ហើយនិងក្រសួងការពារជាតិរុស្ស៉ី បានឈានដល់ចំណុចដ៏ក្តៅគគុកមួយ នាចុងសប្តាហ៍នេះ នៅពេលដែលលោក ព្រីហ្គោហ្ស៉ីន បានចោទប្រកាន់ធ្ងន់ៗទៅលើ ក្រសួងការពារជាតិរុស្ស៉ី រួមមានទាំងថា ថ្នាក់ដឹកនាំរបស់យោធារុស្ស៉ី បានបំផ្លិចបំផ្លាញកងកម្លាំងរបស់លោកដោយចេតនា​ ក្នុងសង្រ្គាមនៅអ៊ុយក្រែន។ ក្រោយមកទៀត លោកក៏បានប្រកាសដឹកនាំកងកម្លាំង Wagner ចំនួនខ្ទង់២៥,០០០នាក់ ឆ្លងពីអ៊ុយក្រែនចូលទៅក្នុងប្រទេសរុស្ស៉ី នៅចំណុចទីក្រុង Rostov ក្រោមគោលបំណង ដែលបើយោងតាមការអះអាងរបស់លោក គឺដើម្បីផ្តួលរំលំថ្នាក់ដឹកនាំរបស់យោធារុស្ស៉ី នៅឯទីក្រុងមូស្គូ។ យ៉ាងណាមិញ លោកបាននិយាយថា សកម្មភាពនេះមិនមែនជារដ្ឋប្រហារទេ។

ក្រោយការកើនឡើងកម្តៅនៃភាពតានតឹង ដែលកើតឡើងខណៈដែលសង្រ្គាមនៅអ៊ុយក្រែនកំពុងតែបន្ត អាជ្ញាធរុស្ស៉ីបានរឹតបន្តឹងវិធានការសន្តិសុខ នៅតាមតំបន់មួយចំនួន ជាពិសេសនៅរដ្ឋធានីមូស្គូនិងតំបន់ជុំវិញនោះ។ ទោះជាបែបនេះក្តី វាមិនទាន់ច្បាស់ទេថា តើលោក ពូទីន នឹងដោះស្រាយ​វិបត្តិនេះដោយរបៀបណា ពោលគឺដោយការនិយាយចរចា ឬដោយប្រើកម្លាំងបាយ៕