(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ បានអះអាងថា នាថ្ងៃសៅរ៍នេះយន្តហោះយោធាចិន៨គ្រឿង បានបើកឆ្លងខ្សែបន្ទាត់មេដ្យាននៃច្រកសមុទ្រតៃវ៉ាន់ ហើយហោះមកកៀកនឹងតំបន់សមុទ្រតភ្ជាប់របស់ដែនកោះនេះ ដែលមានចម្ងាយ៤៤គីឡូម៉ែត្រ ពីឆ្នេរតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣។
ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា គិតចាប់តាំងពីខ្ទង់ម៉ោង៨ព្រឹកថ្ងៃសៅរ៍នេះ ខ្លួនបានប្រទះឃើញយន្តហោះយោធា សរុប១៩គ្រឿងរបស់ចិន រួមមានទាំងយន្តហោះចម្បាំង J-10 និង J-16 ដោយក្នុងចំណោមនោះ ៨គ្រឿងបានហោះឆ្លងខ្សែបន្ទាត់មេដ្យាន ហើយធ្វើដំណើរឆ្ពោះមកកៀកនឹង ចំណុច៤៤គីឡូម៉ែត្រខាងលើ។ ក្នុងពេលទន្ទឹមគ្នា ក្រសួងការពារជាតិតៃវ៉ាន់ ក៏បានប្រទះឃើញនាវាយោធាចិន៥គ្រឿង ធ្វើប្រតិបត្តិការល្បាតផងដែរ។
គួរបញ្ជាក់ថា ក្នុងរយៈពេលប្រមាណជា៣ឆ្នាំចុងក្រោយនេះ កងទ័ពអាកាសចិន បានចល័តយន្តហោះរបស់ខ្លួនជាប្រចាំ ចូលទៅកាន់ដែនអាកាស ដែលនៅជុំវិញកោះតៃវ៉ាន់ ហើយចាប់តាំងពីខែសីហា ឆ្នាំ២០២២មក ខ្លួនបានបញ្ជូនយន្តហោះយ៉ាងទៀងទាត់ ឱ្យហោះឆ្លងខ្សែបន្ទាត់មេដ្យាននៃច្រកសមុទ្រតៃវ៉ាន់ថែមទៀត ដែលកាលពីមុន វាធ្លាប់ត្រូវចាត់ទុកជាព្រំប្រទល់មិនផ្លូវការ រវាងភាគីទាំងពីរ។
តំបន់សមុទ្រតភ្ជាប់ឬ contiguous zone របស់តៃវ៉ាន់ ត្រូវបានកំណត់ថា មានចម្ងាយ៤៤គីឡូម៉ែត្រ រាប់គិតចាប់ឆ្នេររបស់ដែនកោះនេះ ខណៈដែនដីសមុទ្ររបស់តៃវ៉ាន់ផ្ទាល់ គឺមានចម្ងាយ២២គីឡូម៉ែត្រ រាប់ចាប់ពីឆ្នេរ។ ទោះបីជាយោធាចិនបានបង្កើនសកម្មភាពខ្លាំងក៏ដោយ មកទល់ពេលនេះ រដ្ឋាភិបាលកោះតៃវ៉ាន់ មិនទាន់ធ្លាប់បានរាយការណ៍ថា មានយន្តហោះយោធាចិនបើកឆ្លងចូលមកក្នុងតំបន់ contiguous zone ឬដែនអាកាសរបស់ខ្លួនផ្ទាល់នៅឡើយទេ៕