(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីនខិន (Antony Blinken) បានហៅទូរស័ព្ទមកកាន់រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង ដើម្បីពិភាក្សាគ្នាអំពីលទ្ធផល នៃដំណើរទស្សនកិច្ចរបស់លោកនៅចិន ដែលបានប្រព្រឹត្តទៅកាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣។
យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសកូរ៉េខាងត្បូង លោក ប៊្លីនខិន បានប្រាប់ប្រមុខការទូតកូរ៉េខាងត្បូង លោក ផាក ជីន (Park Jin) ថា រូបលោកបានជួបសន្ទនាគ្នារយៈពេលវែង ដែលធ្វើឡើងក្រោមសេចក្តីទៀងត្រង់ ភាពជាក់ស្តែង និងក្នុងន័យស្ថាបនា ជាមួយខាងភាគីចិន ហើយមានបំណងចង់ពន្យល់អំពី លទ្ធផលនៃការបំពេញទស្សនកិច្ចរបស់លោក ឱ្យបានលម្អិតតាមតែអាចធ្វើទៅបាន និងក្នុងពេលដ៏ឆាប់រហ័សមួយ។ ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា លោក ប៊្លីនខិន និងលោក ផាក បានសម្រេចចិត្តបន្តការទាក់ទងគ្នា ពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយចិន ហើយនឹងបន្តទទូចឱ្យទីក្រុងប៉េកាំង ដើរតួនាទីស្ថាបនាក្នុងការជំរុញឱ្យកូរ៉េខាងជើង បញ្ឈប់សកម្មភាពបង្កហេតុ និងបោះបង់ចោលអាវុធនុយក្លេអ៊ែរ។
គួរបញ្ជាក់ថា កំលុងទស្សនកិច្ចនៅប្រទេសចិន កាលពីថ្ងៃទី១៨-១៩ ខែមិថុនា លោក ប៊្លីនខិន បានជួបជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក ឈិន កាង (Qing Gang), មន្រ្តីការទូតកំពូលចិនលោក វ៉ាង យី (Wang Yi) និងប្រធានាធិបតីចិន លោក ស៉ី ជិនពីង។ ភាគីទាំងពីរបានយល់ព្រមផ្តល់ស្ថិរភាពឡើងវិញដល់ទំនាក់ទំនងទ្វេភាគី ដើម្បីទប់ស្កាត់កុំឱ្យការប្រកួតប្រជែងដ៏តានតឹងអាមេរិក-ចិន រាលដាលក្លាយទៅជាជម្លោះ ប៉ុន្តែដំណើរទស្សនកិច្ចនោះ ពុំសម្រេចបានសមិទ្ធផលដុំធំណាមួួយទេ៕