(មូស្គូ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ រុស្ស៉ីបានប្រកាសពីការដាក់បម្រាមចូលទឹកដីខ្លួន ទៅលើមន្រ្តីអឺរ៉ុបបន្ថែមទៀត ដែលជាវិធានការឆ្លើយតប ចំពោះការសម្រេចចិត្តរបស់សហភាពអឺរ៉ុប (EU) ក្នុងការបន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងទីក្រុងមូស្គូ ជុំវិញវិបត្តិសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣។
ក្រសួងការបរទេសរុស្ស៉ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ដើម្បីឆ្លើយតបចំពោះសកម្មភាពអមិត្តទាំងនេះ ភាគីរុស្ស៉ីបានសម្រេចពង្រីកឱ្យខ្លាំងបន្ថែមទៀត នូវបញ្ជីឈ្មោះនៃមន្រ្តីរបស់ស្ថាប័នអឺរ៉ុបនិងប្រទេសជាសមាជិក EU ដែលត្រូវបានហាមឃាត់មិនឱ្យឈានជើងជាន់លើទឹកដីរបស់ប្រទេសយើង។ យើងសូមបញ្ជាក់ថា រាល់ទង្វើអមិត្តទាំងអស់របស់ប្រទេសលោកខាងលិច នឹងបន្តទទួលបានការឆ្លើយដែលតបសមស្របនិងភ្លាមៗ ត្រឡប់ទៅវិញ»។ យ៉ាងណាក្តី សេចក្តីថ្លែងការណ៍ មិនបានបញ្ជាក់ពីចំនួនមន្រ្តីអឺរ៉ុបដែលជាប់ទណ្ឌកម្ម ឬផ្តល់ឈ្មោះរបស់អ្នកទាំងនោះឡើយ។
គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ សហភាពអឺរ៉ុបបានព្រមព្រៀងគ្នា លើកញ្ចប់ទណ្ឌកម្មដែលជាកញ្ចប់ទី១១ ប្រឆាំងនឹងប្រទេសរុស្ស៉ី ជុំវិញការបង្កសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន ដោយក្នុងនោះរួមមានទាំងចំណាត់ការ ដើម្បីទប់ស្កាត់ភាពចន្លោះប្រហោង នៅក្នុងវិធានការរឹតត្បិតដែលមានរួចស្រាប់ផងដែរ៕