(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានឱ្យដឹងថា សហរដ្ឋអាមេរិកក្នុងខែមិថុនានេះ បានបើកកិច្ចប្រជុំមួយ​​ជាមួយក្រុមអ្នកជំនាញមកពីចិន រុស្ស៉ី បារាំង និងចក្រភពអង់គ្លេស ដើម្បីពិភាក្សាអំពីបញ្ហានៃអាវុធនុយក្លេអ៊ែរ ក្នុងនោះរួមមានទាំងមធ្យោបាយ ដើម្បីកាត់បន្ថយហានិភ័យយុទ្ធសាស្រ្តផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ចន ខឺប៊ី (John Kirby) បាននិយាយថា​ កិច្ចពិភាក្សាខាងលើ ស្ថិតក្រោមក្របខណ្ឌនៃ​កិច្ចសន្ទនាជាទៀងទាត់មួយ ដែលបន្តរហូតមក។ បើតាមក្រសួងការបរទេសអាមេរិក ទីក្រុងវ៉ាស៉ីនតោនបានរៀបចំកិច្ចប្រជុំនោះ កាលពីថ្ងៃទី១៣-១៤ ខែមិថុនា នៅឯទីក្រុងគែរនៃប្រទេសអេហ្ស៉ីប រវាងប្រទេសដែលមានអាវុធនុយក្លេអ៊ែរទាំង៥ ហើយបានពិពណ៌នាវាថា ជាការពិគ្រោះយោបល់គ្នា នៅក្រោមបរិបទនៃសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ NPT។

សន្ធិសញ្ញា NPT ដែលបានចូលជាធរមានកាលពីឆ្នាំ១៩៧០ មានគោលដៅបញ្ឈប់ការរីកសាយ នៃសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរ ហើយផ្តល់​ការធានាដល់សិទ្ធិរបស់ប្រទេសជាសមាជិក ក្នុងការអភិវឌ្ឍថាមពលនុយក្លេអ៊ែរ សម្រាប់បម្រើគោលដៅសន្តិភាព។ សន្ធិសញ្ញានេះអនុញ្ញាតឱ្យអាមេរិក ចិន រុស្ស៉ី​ បារាំង និងអង់គ្លេស ដែលជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ រក្សាទុកអាវុធនុយក្លេអ៊ែររបស់ពួកគេដដែល។

គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសអាមេរិក ក្រុមអ្នកជំនាញដែលមកពីក្រសួងការបរទេស និងក្រសួងការពារជាតិរបស់​ប្រទេសទាំង៥ ក៏បានជួបពិភាក្សាគ្នានៅទីក្រុងឌូបៃរនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម កាលពីខែកុម្ភៈ ឆ្នាំនេះផងដែរ ដែលជាផ្នែកនៃកិច្ចសន្ទនានៅក្រោមក្របខណ្ឌសន្ធិសញ្ញា NPT ដែលបច្ចុប្បន្នសហរដ្ឋអាមេរិកគឺជាប្រធាន៕