(កៀវ)៖ រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន កាលពីថ្ងៃសុក្រសប្តាហ៍នេះ បាននិយាយថា រូបលោករំពឹងទីក្រុងកៀវនឹងទទួលបាន សញ្ញាច្បាស់លាស់ រួមជាមួយរូបមន្តសម្រាប់ឱ្យប្រទេសលោក អាចក្លាយជាសមាជិករបស់អង្គការណាតូ (NATO) នៅពេលដែលបក្សសម្ព័ន្ធយោធាលោកខាងលិចនេះ បើកកិច្ចប្រជុំកំពូលនាខែក្រោយ នៅប្រទេសលីទុយអានី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣។

យោងតាមសេចក្តីថ្លែងការណ៍ ពីមជ្ឈមណ្ឌលព័ត៌មានរបស់យោធាអ៊ុយក្រែន ប្រមុខការពារជាតិអ៊ុយក្រែន លោក អូឡិចស៉ី រេសនីកូវ (Oleksii Reznikov) បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំរំពឹងពួកគេនឹងផ្តល់ឱ្យយើង នូវសញ្ញាច្បាស់លាស់និងងាយយល់មួយ ព្រមទាំងរូបមន្តសម្រាប់យើង ដើម្បីអាចក្លាយជាសមាជិករបស់ NATO»។

កិច្ចប្រជុំកំពូលរបស់ NATO នឹងប្រព្រឹត្តទៅនៅថ្ងៃទី១១-១២ ខែកក្កដា ក្នុងទីក្រុងវីលនីញូសរបស់លីទុយអានី។ ក្រុមសម្ព័ន្ធមិត្តរបស់ទីក្រុងកៀវ កំពុងខ្វែងគំនិតគ្នាជុំវិញសំណួរថា តើរយៈពេលឆាប់ប៉ុនណា ដែលអ៊ុយក្រែនគួរចូលរួមក្នុង NATO ស្របពេលរដ្ឋាភិបាលលោកខាងលិចមួយចំនួន ព្រួយបារម្ភអំពីសកម្មភាពទាំងឡាយ ដែលអាចនឹងរុញច្រាន NATO ខិតកាន់តែជិតទៅរក ការផ្ទុះសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៉ី។

គួរបញ្ជាក់ថា កន្លងមក ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានខ្នះខ្នែងជាខ្លាំង ដើម្បីសមាជិកភាពរបស់អ៊ុយក្រែននៅ NATO ប៉ុន្តែទន្ទឹមគ្នាលោកក៏ទទួលស្គាល់ផងដែរថា អ៊ុយក្រែនប្រហែលមិនអាចចូលរួម NATO រួចឡើយ ខណៈដែលសង្រ្គាមឈ្លានពានរបស់រុស្ស៉ីកំពុង​តែបន្តយ៉ាងក្តៅគគុក។ កាលពីដើមខែនេះ កងកម្លាំងទីក្រុងកៀវទីបំផុត បានចាប់ផ្តើមប្រតិបត្តិការវាយបករបស់ខ្លួន ដើម្បីព្យាយាមដណ្តើមយក​ទឹកដី ដែលស្ថិតក្រោមការត្រួតត្រារបស់កងកម្លាំងរុស្ស៉ី ត្រឡប់មកវិញ៕