(មូស្គូ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ទីក្រុងមូស្គូបានចោទថា លោក យេវហ្គេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) ដែលជាប្រធានក្រុមហ៊ុនទាហានស៉ីឈ្នួលរុស្ស៉ី Wagner បាននិងកំពុងញុះញង់ឱ្យមានការប៉ះបោរប្រដាប់អាវុធ បន្ទាប់ពីរូបលោកបានប្រកាសចង់ទម្លាក់និងដាក់ពិន័យថ្នាក់ដឹកនាំយោធារុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣។
នៅថ្ងៃសៅរ៍នេះវិញ លោក ព្រីហ្គោហ្ស៉ីន បាននិយាយថា ក្រុមអ្នកប្រយុទ្ធ Wagner ខ្ទង់២៥,០០០នាក់ បានឆ្លងពីអ៊ុយក្រែនចូលក្នុងប្រទេសរុស្ស៉ី នៅឯទីក្រុងរ៉ូស្តូវ (Rostov) ភាគខាងត្បូង ដើម្បីឆ្ពោះទៅស្វែងរកយុត្តិធម៌នៅទីក្រុងមូស្គូ ហើយលោកបានព្រមានកម្ចាត់ប៉ុស្តិ៍ត្រួតពិនិត្យ ឬកងកម្លាំងទ័ពអាកាសរុស្ស៉ីណាមួយ ដែលព្យាយាមមករារាំងការធ្វើដំណើររបស់ក្រុមលោក។ យ៉ាងណាមិញ លោក ព្រីហ្គោហ្ស៉ីន បានអះអាងថា សកម្មភាពរបស់លោកនេះ មិនមែនជាការប៉ុនប៉ងធ្វើរដ្ឋប្រហារទេ។
ចំណែកអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយថា ទីភ្នាក់ងារផ្នែកសន្តិសុខចម្បងៗទាំងអស់របស់រុស្ស៉ី បាននិងកំពុងរាយការណ៍ព័ត៌មានជាប់ ប្រាប់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ពាក់ព័ន្ធជាមួយនឹងសកម្មភាពរបស់ថៅកែក្រុម Wagner ហើយសន្តិសុខត្រូវបានរឹងបន្តឹងខ្លាំងក្នុងរដ្ឋធានីមូស្គូ ជាពិសេសនៅទីតាំងនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់រដ្ឋាភិបាល។
គួរបញ្ជាក់ថា ទីភ្នាក់ងារសន្តិសុខក្នុងស្រុក FSB របស់រុស្ស៉ី ក៏បានចាប់ផ្តើមបើកការស៉ើបអង្កេតព្រហ្មទណ្ឌ ប្រឆាំងនឹងលោក ព្រីហ្គោហ្ស៉ីន ផងដែរ សម្រាប់ការអំពាវនាវឱ្យមានការបះបោរប្រដាប់អាវុធ នៅក្នុងប្រទេស ដែលជាបទល្មើសអាចប្រឈមនឹង ការជាប់ពន្ធនាគារសរុបរហូតដល់២០ឆ្នាំ។ ស្ថានការណ៍វិវត្តន៍ខាងលើ គឺជាការកើនឡើងកម្តៅដ៏ខ្លាំងមួយនៃបញ្ហាវិវាទរវាង មេទាហានស៉ីឈ្នួលរុស្ស៉ីរូបនេះ ហើយនិងក្រសួងការពារជាតិរុស្ស៉ី គិតចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែន បានផ្ទុះឡើងមក៕